រដ្ឋមន្រ្តីសុខាភិបាល បានផ្តល់ការបូកសរុបការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៥ មានលក្ខណៈល្អ និងកំពុងបន្តឈរលើផ្លូវនៃវឌ្ឍនភាពដ៏វិជ្ជមានជាបន្តបន្ទាប់ ពិសេសស្មារតីដ៏រុឹងមាំនៃបុគ្គលិកសុខាភិបាល និងអ្នកដឹកនាំសុខាភិបាលគ្រប់កម្រិត បើទោះជាត្រូវខិតខំប្រឹងប្រែងពុះពារក្នុងកាលៈទេសៈប្រឈម ពីការឈ្លានពានពីភាគីថៃមកលើកម្ពុជា

រាជធានីភ្នំពេញ៖  ថ្លែងបន្តទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្រ្តីសុខាភិបាលទូទាំងប្រទេស តាមរយៈថ្នាក់ដឹកនាំ និងជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងសស្រាក់សស្រាំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ឆន្ទៈ ក្តីករុណា រឹងមាំង និងអង់អាចក្លាហាន ក្នុងការបម្រើសេវាសុខាភិបាលគ្រប់ស្ថានភាព ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ»។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំ និងដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិតនៃវិស័យសុខាភិបាល ដើម្បីបន្តពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ដោយ៖ ១)ត្រូវបន្តនិរន្តរ៍ភាពការងារប្រចាំថ្ងៃដែលជាបេសកកម្មរួមតែមួយ ក្នុងវិស័យសុខាភិបាល ២)បន្តការសហការគ្នា ស្មោះត្រង់ សាមគ្គីទំនាក់ទំនងល្អ ៣)ត្រូវមានការជួបប្រជុំ បំពេញការងារជាក្រុមឱ្យបានសកម្ម ៥)សូមធ្វើការដោយភាពទៀងទាត់ជាទម្លាប់ គំរូ និងសុក្រឹត្យភាព ៦)ត្រូវមានភាពហ្មត់ចត់ក្នុងការតាមដាន វាយតម្លៃ ណែនាំ ពន្យល់ បង្ហាត់បង្ហាញ និងការងារដល់ក្រុមការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព  ប្រសិទ្ធភាព និងសមធម៌ ៧)បន្តពង្រឹង និងពង្រីកការអនុវត្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ និង ៨)ត្រូវបង្កើនការយកចិត្តទុកដាក់អាទិភាព ការងារព្រំដែន ដោយមិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការព្យាបាលនោះទេ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងប្រាជ្ញាវៀងវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ខាងលើនេះយ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែ និងផ្តល់ការបូកសរុបប្រចាំឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធានានយដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom ។