រដ្ឋមន្រ្តីសុខាភិបាល «ថ្ងៃនេះ គឺជាថ្ងៃទីមួយនៃឆ្នាំសិក្សាសាកលវិទ្យាល័យ ដែលនេះមិនមែនគ្រាន់តែជាថ្ងៃចាប់ផ្តើមរៀននូវមេរៀនទាំងឡាយនោះទេ គឺពិតជាថ្ងៃនៃការចាប់ផ្តើមបោះជំហាននាំ ភាពប្រសើរឡើង សម្រាប់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ថ្លែងក្នុងឱកាសនោះដែរ  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្សជាអាទិភាពចម្បងបំផុត។ ឯកឧត្តមសាស្រ្តាចារ្យវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលបណ្តុះបណ្តាលដែលសម្រេចបាន និងភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលេចពីការអនុវត្តការកែទម្រង់ និងការកែលម្អប្រព័ន្ធសុខាភិបាលជាបន្តបន្ទាប់ ដើម្បីធានាថាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសុខភាពល្អ និងជីវភាពប្រសើរ។ ឯកឧត្តមសាស្រ្តាចារ្យ បានអំពាវនាវដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង ទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «សម្រាប់អនាគតរួម គឺធ្វើឱ្យកម្ពុជា មានសុខភាពល្អប្រសើរឡើង ដោយត្រូវឈរផ្អែកលើភាពរឹងមាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើចំណេះដឹង។ បន្ថែមពីនេះ លើឡើងពីសារៈសំខាន់នៃការការពារ ជាកិច្ចការមួយដែលអាចធ្វើទៅបាន ដោយមានការចាត់ចែង ដោយធ្វើការស្រាវជ្រាវព័ត៌មានច្បាស់លាស់។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្ញាំផ្ញើដល់និស្សិតទាំងអស់ ក្លាយជាចលករ នៃការការពារប្រជាពលរដ្ឋកម្ពុជា ដោយផ្តោតសំខាន់លើសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលត្រូវប្រឈមនឹងបញ្ហាដែលអាចកើតមានរៀងរាល់ថ្ងៃស្អែក និងពុះពារបញ្ហាប្រឈម ដើម្បីអនាគតនៃសុខាភិបាលកម្ពុជាយើង។»

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្ត៖
១) បន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីសិក្សានៅគ្រប់កម្រិត។
២) បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងសមស្រប តាមតម្រូវការថែទាំ និងព្យាបាលប្រជាពលរដ្ឋនៅប្រទេសកម្ពុជាយើង។
៣) ខិតខំពង្រីកការផ្សព្វផ្សាយ និងការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ក្នុងចំណោមអនាគតនិស្សិត និងសាធារណជន សំដៅបង្កើនចិត្តចង់ចូលរៀន និងស្រឡាញ់វិជ្ជាជីវៈសុខាភិបាល ចូលរួមបម្រើសុខុមាលភាពប្រជាពលរដ្ឋយើង ឱ្យបានកាន់តែប្រសើរឡើង។
៤) យកចិត្តទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់សាស្រ្តាចារ្យ ដើម្បីសម្រេចបាននូវការបណ្តុះបណ្តាលបែបសមត្ថភាពស្នូលជាគោល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រិត។
៥) យកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ដោយរិះរកវិធីសាស្រ្តក្នុងការបង្រៀន និងវាយតម្លៃឱ្យកាន់តែប្រសើរឡើង។
៦) បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តី បុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ច និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាព របស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន។
៧) បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប បម្រើដល់ការរៀន និងបង្រៀន ផ្តោតលើសមត្ថភាព។
៨) បន្តជំរុញការងារសិក្សាស្រាវជ្រាវដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាលនាពេលអនាគត។
៩៌) បន្តពង្រឹងនូវទំនាក់ទំនងភាពជាដៃគូ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល  និងទីតាំងកម្មសិក្សាគ្រប់កម្រិត។
១០) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យ អង្គការ ស្ថាប័នជាតិនិងអន្តរជាតិ សំដៅជំរុញការកៀរគរធនធាន ទាំងបច្ចេកទេស និងថវិកា សម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម លោក លោកស្រី សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងក្មួយៗនិស្សិត សរុប ចំនួន ៥០០នាក់។