រដ្ឋមន្រ្តីសុខាភិបាល «ណែនាំដល់ផ្នែកចក្ខុរោគ ត្រូវថែទាំគំហើញរបស់ប្រជាពលរដ្ឋ តាំងពីកុមារតូច ពេញវ័យ រហូតដល់មនុស្សចាស់ ទាំងគំហើញផ្ទាល់ ទាំងការវិភាគវិទ្យាសាស្រ្ត និងលើសពីនេះត្រូវជំរុញការអប់រំអំពីសុខភាពភ្នែក។»
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន មានប្រសាសន៍ បែបនេះនៅក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមសាស្រ្តាចារ្យបានលើកឡើងថា សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប។ ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗ ប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញ ដែលស្ថិតក្នុងបរិបទមានប្រជាជនវ័យចំណាស់មានការកើនឡើង និងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើង ចំពោះគ្រប់ផ្នែកទាំងអស់ បូករួមទាំងផ្នែកភ្នែកផងដែរ។ ឯកឧត្តម បានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត។ ការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេសក៏ត្រូវតែបន្ត ដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការកត់សម្គាល់ និងផ្តល់យោបល់មួយចំនួន ដល់សមគមគ្រូពេទ្យភ្នែកកម្ពុជា ដូចតទៅ៖
១) ការបម្រើសេវាវិស័យសុខាភិបាល ក៏ដូចជាវិស័យចក្ខុសាស្រ្ត ត្រូវតែមានភាពទន់ភ្លន់ គោរពឱ្យបាននូវក្រមសីលធម៌គ្រូពេទ្យ ដើម្បីឱ្យអ្នកជំងឺទទួលបាននូវជំនឿទុកចិត្ត និងការព្យាបាលដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ដើម្បីលើកដម្កើងសេវាសុខាភិបាលក្នុងស្រុក។
២) ទទួលជនចាស់ជរា ជនពិការ ប្រជាជនមានកម្រិតជីវភាពខ្វះខាត អោយទទួលបានសេវាព្យាបាលទាន់ពេលវេលា។
៣) ត្រូវបន្តយកចិត្តទុកដាក់លើការការពារសុខភាពភ្នែក ជូនដល់ប្រជាជន តាមការផ្សព្វផ្សាយ ការអប់រំសុខភាពភ្នែកឱ្យបានដល់សហគមន៍ ទីជនបទដាច់ស្រយាលតាមរូបភាពផ្សេងៗ ដូចជា ការចែកខិត្តបណ្ណ ទស្សនាវដ្តី ការផ្សាយតាមវិទ្យុ-ទូរទស្សន៍ និងបណ្តាញសង្គមនានា ដើម្បីអប់រំប្រជាជនឱ្យមានការយល់ដឹងពីបញ្ហាភ្នែក ជួយទប់ស្កាត់ភាពពិការភ្នែក។
៤) បន្ត និងជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងតាមការជួយរកអាហារូបករណ៍ ឱ្យដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីក្រេបយកចំណេះដឹងថ្មីៗ និងបទពិសោធន៍នៅក្នុងប្រទេស និងនៅក្រៅប្រទេស។
ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានសហការល្អគ្នាទាំងផ្នែកបច្ចេកទេស ក៏ដូចជាក្នុងភារកិច្ចវិជ្ជាជីវៈផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ ណែនាំដល់គ្រូពេទ្យ យកចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗ មកធ្វើបទបង្ហាញ និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ។
លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា
ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា បានជម្រាបជូនថា ÷ នៅក្នុងឆ្នាំ ២០២៥ នេះ ដោយមានការគាំទ្រពី មូលនិធិ Fred Hollow បានផ្តល់ការគាំទ្រដល់ គំរោងស្រាវជ្រាវចំនួន ៣ដែលទាក់ទងនឹងសុខភាពភ្នែក។ ចំពោះការបណ្តុះបណ្តាលបន្តរ សមាគម បានរៀបចំសិក្ខាសាលាពាក់ កណ្តាលឆ្នាំ ស្តីពី “វាដបដិវាទក្នុងវិស័យចក្ខុសាស្ត្រ” រឺភាសាអង់គ្លេសហៅថា Controversy in Ophthalmology ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់គ្រូពេទ្យភ្នែក ទូទាំងរាជធានីខេត្ត ដើម្បីធានានូវ ស្ថិរភាព នៃ ការបណ្តុះបណ្តាលបន្តរ ជូនដល់សមាជិករបស់សមាគម។
បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា យើងបានឃើញការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ក្នុងវិស័យសុខភាពភ្នែក។ ទោះបីជាយើងសម្រេចបាននូវជោគជ័យជាច្រើនក្តី ក៏យើងនៅតែមានបញ្ហាប្រឈមជាច្រើននៅសល់ ដូចជា ការបញ្ជាពិការភាពភ្នែកដែលអាចបង្ការនិងព្យាបាលបាន និងការពង្រឹងនូវគុណភាពនៃសេវាព្យាបាល ក៏ដូចជា ការទទួលយកនូវបច្ចេកវិទ្យាថ្មីៗដែលអាចជួយផ្លាស់ប្តូរនូវការផ្តល់សេវាជូនអ្នកជម្ងឺឱ្យកាន់តែមានប្រសិទ្ធភាព ជាងមុន។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រាចារ្យ Tetsuro OSHIKA, ប្រធានសមាគមចក្ខុរោគអាស៊ី ប៉ាស៊ីហ្វិក, លោកប្រធានមូលនិធិ Fred Hollow អង្គការដៃគូ និងសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លោក លោកស្រី នាងកញ្ញា សមាជិក សមាជិក សមាគមនៃគ្រូពេទ្យកម្ពុជា សរុប ១៨០នាក់។



