រដ្ឋមន្រ្តីសុខាភិបាល «ជំរុញឱ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិត មានការស្រាវជ្រាវ ដើម្បីពិនិត្យឆ្លុះបញ្ចាំង ស្វែងរករបកគំហើញ សំដៅពង្រឹងគុណភាពក្នុងអង្គភាពខ្លួនកាន់តែប្រសើរឡើង»

រាជធានីភ្នំពេញ÷  ឯកឧត្តមសាស្រ្តាចារ្យរ ឈាង រ៉ាបានលើកឡើងបន្ថែមថា  ការបង្កើតគោលនយោបាយទាមទារការពិភាក្សារវាងភាគីពាក់ព័ន្ធដើម្បីស្វែងរកយុទ្ធសាស្រ្ត និងប្រមូលរបកគំហ៊ើញពីការសិក្សាស្រាវជ្រាវផ្សេងៗគ្នាដែលផ្តោត លើប្រធានបទតែមួយ មកធ្វើការបង្ហាញ និងពិភាក្សាគ្នានៅក្នុងកំរិតវិទ្យាសាស្រ្ត អាចរំលេចចេញនូវចំនុចខ្វះចន្លោះនៃការសិក្សាស្រាវជ្រាវ ហើយក៍អាចរកឃើញនូវដំណោះស្រាយមួយចំនួនដែលអាចជួយកែលំអ សំរួចនិងតំរង់ទិសគោលនយោបាយសុខាភិបាលជាតិឱ្យកាន់តែមានភាពប្រាកដនិយមខ្ពស់ និងចំគោលដៅ ឈានទៅជំរុញការអនុវត្តកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមូលដ្ឋានសុខាភិបាលទាំងអស់ឱ្យបន្តពង្រឹងសមត្ថភាពរបស់អង្គភាព ជាពិសេសលើកិច្ចការងារស្រាវជ្រាវរបស់ខ្លួន ឱ្យមានគុណភាពខ្ពស់ និងកាន់តែឆ្លើយតបទៅនឹងអាទិភាពជាតិ ដូចខាងក្រោម÷

(១) ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងប្រទេស និងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការវិភាគ សិក្សាស្រាវជ្រាវលើវិស័យសុខាភិបាល និងគាំទ្រគោលនយោបាយសុខាភិបាលជាតិ

(២) បន្តពង្រឹងការងារអភិបាលកិច្ចការងារស្រាវជ្រាវលើវិស័យសុខាភិបាល តាមរយៈការប្រមូលផ្តុំ និងចំរាញ់យកការងារស្រាវជ្រាវដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាផ្ទាល់ ក៏ដូចជាក្នុងតំបន់ ក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់កែលំអរគោលនយោបាយសុខាភិបាល

(៣) បន្តបំពេញតួនាទីរបស់ខ្លួនជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្ត របស់ក្រសួងសុខាភិបាលលើការងារ សិក្សាស្រាវជ្រាវលើវិស័យសុខាភិបាល

(៤) ពង្រឹងតួនាទីជាលេខាធិការនៃគណៈកម្មការជាតិក្រមសីលធម៌ សំរាប់ការសិក្សាស្រាវជ្រាវលើមនុស្ស ដោយបន្តពិនិត្យ និងគ្រប់គ្រងលើការសិក្សាស្រាវជ្រាវអោយឆ្លើយតបបានច្រើនបំផុតទៅនឹង អាទិភាពនៃប្រពន្ធ័សុខាភិបាលជាតិ។

(៥) ចូលរួមជួយបណ្ដុះបណ្តាល និងពង្រឹងសមត្ថភាពធ្វើការសិក្សាស្រាវជ្រាវ ដល់អង្គភាពផ្សេងៗទៀត ដើម្បីពង្រីកមូលធនមនុស្សលើការងារសិក្សាស្រាវជ្រាវ ដែលជាទុនក្នុងការពង្រឹងការផ្តល់សេវា ក៏ដូចជាការធ្វើនវានុវត្តនៃការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកអំពីសុខភាពបឋម ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីកម្រិតមណ្ឌលសុខភាព ដែលជួយស្វែងរក និងការពារជំងឺមិនឆ្លងចម្បង ដូចជាលើសឈាម ទឹកនោមផ្អែក និងការវិត្តន៍ទៅជាជំងឺមហារីក បានទាន់ពេលវេលា និងការផ្តល់សេវាប្រឹក្សាបានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលបន្ថែមទៀតដោយការ បណ្តុះបណ្តាល រកយន្តការនៃការជំរុញ និងការស្វែងយល់ បង្កើនមធ្យោយបាយជួយគាំទ្រ និងជួយតាមដាន ជាពិសេសការប្រើប្រាស់ Telemedicine សុខភាពឌីជីថល។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាល ត្រូវបង្កើនការសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ដោយត្រូវជួយជំរុញប្រជាពលរដ្ឋ ទៅទទួលសេវាសុខាភិបាល ឱ្យបានទាន់ពេលវេលា និងត្រូវឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីដើរស្របតាមគោលនយោបាយក្រសួងសុខាភិបាល។

សន្និសីទនេះមានគោលបំណងបង្កើតជាវេទិកាថ្នាក់ជាតិសំរាប់ការពិភាក្សារវាងភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាលស្ថាប័នអប់រំ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ដើម្បីឱ្យមានការពិភាក្សារួមគ្នាលើ អាទិភាពសុខាភិបាលជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់លើគោលនយោបាយសុខភាពសាធារណៈដោយប្រើប្រាស់លទ្ធផលចេញពីការសិក្សាស្រាវជ្រាវក្នុងប្រទេសនិងតាមតំបន់។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពេល ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទថ្នាក់ជាតិលើកទីមួយស្តីពីទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference:C-HOPE2025) ក្រោមមូលបទ “ការដោះស្រាយបន្ទុកនៃជំងឺមិនឆ្លង៖ យុទ្ធសាស្ត្រថែទាំសុខភាពបឋមប្រកបដោយភាពច្នៃប្រឌិត” កាលពីព្រឹកទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា សន្និសីទនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណ: មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលមកពី មន្ទីរសុខាភិបាលរាជធានីខេត្ត នាយកដ្ឋាននៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិនៃក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាលើវិស័យសុខាភិបាល អង្គភាពស្រាវជ្រាវជាតិនិងអន្តរជាតិ តំណាងស្ថានទូត និងតំណាងដៃគូសហការជាតិនិងអន្តរជាតិ ប្រមាណ២២០នាក់។