រដ្ឋមន្រ្តីសុខាភិបាល «ការសិក្សា គឺដើម្បីប្រយោជន៏អ្នកជុំវិញយើង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ» កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥មុននេះ។
ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកទី៥របស់សាលាសុខភាពសាធារណៈនេះ ប្រារព្ធឡើងដើម្បីអបអរសាទរដល់និស្សិតជ័យលាភីចំនួន៣៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់៖ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអេពីដេមីសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និងបរិញ្ញាបត្រជាន់ខ្ពស់សុខភាព និងអភិវឌ្ឍន៍សហគមន៍។ គួរបញ្ជាក់ថា ក្រៅពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំង៥ជំនាញនេះ សាលាសុខភាពសាធារណៈនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ក៏មានបណ្តុះបណ្តាលថ្នាក់បណ្ឌិតសុខភាពសាធារណៈផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យបានបញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់ដែលចំណាយពេលមកសិក្សានេះ មិនត្រឹមតែជាការលះបង់របស់ខ្លួនឯងនោះទេ តែជាការលះបង់របស់ក្រុមគ្រួសារផងដែរ ទាំងពេលវេលា ទឹកចិត្ត និងថវិកា ដើម្បីជាអត្ថប្រយោជន៍អ្នកនៅជុំវិញខ្លួន និងសង្គមជាតិទាំងមូល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថាការកសាងប្រទេសជាតិ គឺចាប់ពីខ្លួនយើងម្នាក់ៗ។ ការប្រើប្រាស់ចំណេះជំនាញដែលយើងទទួលបានពីការសិក្សាដែលបញ្ជាក់ដោយសញ្ញាបត្រមួយសន្លឹកនេះ ទៅបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងគោលបំណងធ្វើឱ្យសុខភាពរបស់ពួកគាត់កាន់តែល្អប្រសើរ វាជាការចូលរួមចំណែកកសាងប្រទេសជាតិ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានកោតសរសើរខ្ពស់ ចំពោះឆន្ទៈរបស់ថ្នាក់ដឹកនាំសាលា សាស្រ្តាចារ្យ គ្រូណែនាំ អ្នកសម្របសម្រួលវគ្គ និងបុគ្គលិកបម្រើការងារសាលាទាំងអស់ដែលបានលះបង់ពេលវេលានិងខិតខំប្រឹងប្រែងបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ ក៏លើកទឹកចិត្តឱ្យខិតខំបង្ហាត់បង្រៀនដោយប្រើប្រាស់វិធីសាស្ត្រថ្មីៗប្រកបដោយភាពនវានុវត្តន៍ ដើម្បីសម្រេចបាននូវការអប់រំដែលមានគុណភាព និងសមត្ថភាពពិត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីប្រែក្លាយខ្លួនឱ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលផ្តល់ការបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈប្រកបដោយគុណភាព និងទទួលស្គាល់ទាំងថ្នាក់ជាតិនិងអន្តរជាតិ ដូចខាងក្រោម៖
១. ប្រឹងប្រែងយកការទទួលស្គាល់គុណភាពលើគ្រប់កម្មវិធីសិក្សា(program accreditation) ដែលនាយកដ្ឋានជំនាញរបស់ក្រសួងសុខាភិបាលកំពុងរៀបចំនីតិវិធីវាយតម្លៃ។ ទន្ទឹមនឹងនេះ ត្រូវប្រឹងប្រែងយកការទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិផងដែរ
២. បង្កើនចំនួននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យប្រកបដោយគុណភាព ឱ្យបានច្រើនជាងនេះ
៣. បង្កើនចំនួនគ្រូបណ្តុះបណ្តាលដែលមានគុណវុឌ្ឍិ និងបទពិសោធន៍ ជាពិសេសមានសញ្ញាបត្រថ្នាក់បណ្ឌិតឱ្យបានច្រើន
៤. ធ្វើបរិវត្តកម្មឌីជីថលលើដំណើរការគ្រប់គ្រងសាលា ការបង្ហាត់បង្រៀន និងការសិក្សាប្រកបដោយភាពនវានុវត្តន៍
៥. បន្តបង្កើតកម្មវិធីសិក្សាចាំបាច់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងសុខាភិបាល និងសង្គមទាំងមូល
៦. បង្កើនកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិ និងអន្តរជាតិលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវឱ្យបានទូលំទូលាយ
៧. លើកកម្ពស់គុណភាពសេវាគាំទ្រនិស្សិត និងបង្តើតឱ្យមានវប្បធម៌នៃថ្នាលបណ្តុះបណ្តាលល្អដែលជាគំរូដល់គ្រឹះស្ថានបណ្តុះបណ្តាលដ៏ទៃទៀត
៨. បង្កើនសមិទ្ធិផលស្រាវជ្រាវ និងការទទួលស្គាល់ជាអន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់នាយកដ្ឋានពាក់ព័ន្ធក្រោមចំណុះក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ចូលរួមគាំទ្រអភិវឌ្ឍសាលាសុខភាពសាធារណៈទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាពនិងសុខមាលភាពរបស់ប្រជាជនយើង។
ពិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដៃគូពាក់ព័ន្ធ សាស្រ្តាចារ្យ និស្សិតជ័យលាភ័យនិងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកវិទ្យាស្ថានជាតិសុខភាពសាធារណៈដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតសរុបចំនួន១៣០រូប៕