រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹក «នៅគ្រប់ស្ថានភាពថែទាំព្យាបាល ត្រូវសួរសំណួរពីរ ១-តើភាពហ្មត់ចត់បច្ចេកទេស (rigueur scientifique) ប្រកាន់ខ្ជាប់បានឫទេ? ២-តើកម្រិតយកចិត្តទុកដាក់ (niveau d’attention) ត្រូវបានភ្លេចឫទេ?»

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឳកាស ដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥ ក្រោមមូលបទ៖ «សាមគ្គីភាពក្នុងវិស័យសុខាភិបាល ការលើកកម្ពស់គុណភាពព្យាបាល ព្រមទាំងការថែទាំតាមរយៈនវានុវត្តន៍ និងកិច្ចសហការ» មន្ទីរពេទ្យជាតិ តេជោសន្ដិភាព កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរភាពរីកច្រើនរបស់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងបន្តណែនាំដល់ឱ្យមន្រ្តីសុខាភិបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំប្រឹងប្រែងពុះពារ ជាពិសេសការបម្រើសេវាពិនិត្យថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ចំនុចសំខាន់ៗ មួយចំនួនដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកនៃសុខាភិបាលទាំងអស់ ដោយ៖ ១) ត្រូវបង្កើនការងារទំនាក់ទំនងគ្នាឱ្យបានជិតស្និត ជាពិសេសអ្នកជំងឺរបស់យើងតែម្តង ២) ត្រូវបង្កើនការផ្សារភ្ជាប់ជាមួយសហភារតៈ ដោយថ្នាក់ដឹកនាំ ត្រូវចុះទៅដល់ផ្នែកជួបជាប់ផ្ទាល់ជាមួយមន្រ្តីសុខាភិបាល ដឹងសុខទុក្ខជាមន្រ្តីរបស់ខ្លួន និងសុខទុក្ខអ្នកជំងឺ ៣) ត្រូវដាក់ចេញនូវការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា និងត្រឹមត្រូវ។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវ៖
-មានបុរេសកម្ម នវានុវត្តន៍ សាមគ្គីភាព ក្នុងការបម្រើសេវាប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌
– ការព្យាបាល ត្រូវគិតពីសុវត្ថិភាពអ្នកជំងឺជាចំបង
– បង្កើនការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាសាច់ញ្ញាតិរបស់ខ្លួន
– ផ្ដល់ព័ត៌មានស្តីពីការវិវត្តជំងឺដល់គ្រួសារអ្នកជំងឺ ចៀសវាងការព្យាបាលណាមួយ ដែលគ្រួសារអ្នកជំងឺមិនបានដឹង
– ចូលរួមវគ្គបណ្ដុះបណ្ដាលនានា ដើម្បីបង្កើនចំណេះដឹងថ្មីៗ និងនវានុវត្ដន៍ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សហភារតៈ ដើម្បីការព្យាបាលកាន់តែប្រសើរឡើង។
ឯកឧត្តមសាស្ត្រាចារ្យក៏បានឆ្លៀតគូសរំលេចពាក្យគន្លឹះនិងគួរចង់ចាំ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់៖
១) មន្ទីរពេទ្យជាបេះដូងដែលរស់រវើក ហើយផ្គុំដោយភាពប្រសើរ និងតម្កល់នូវកិត្តិយសឱ្យកាន់តែឆ្ពោះទៅមុខ ហើយត្រូវផ្សារភ្ជាប់ជាមួយគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវមានចក្ខុវិស័យនៃទំនើបកម្ម សមភាព និងមនុស្សធម៌។
២) គុណភាព និងសុវត្ថិភាពការព្យាបាល ដោយត្រូវតែមានពិធីសារ និងនីតិវិធីស្តង់ដានៃការព្យាបាលឱ្យបានច្បាស់លាស់ ហើយត្រូវឱ្យចងចាំ បិតនៅលើជញ្ជាំង ដើម្បីងាយស្រួលអនុវត្តឱ្យបានត្រឹមត្រូវ និងត្រូវចេះផ្តួចផ្តើមនូវគំនិតថ្មីៗ។
៣) ប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយការអនុវត្ត ត្រូវទៅដល់តាមគ្រប់មធ្យោយបាយ ហើយត្រូវតម្កល់អ្នកជំងឺជាធំ ភ្ជាប់ជាមួយមនុស្សធម៌ និងក្តីករុណា។
៤) សមភាព ឬសមធម៌ ត្រូវតែមានស្មើគ្នាគ្រប់អ្នកជំងឺ ហើយត្រូវមើលឱ្យបានវែងឆ្ងាយនិងឱ្យបានសមស្រប។
៥) ការទំនាក់ទំនង ត្រូវបង្កើនការជឿទុកចិត្ត គិតនិងស្តាប់មានហេតុផល និងត្រូវបន្តស្វែងសិក្សាបន្ថែមទាំងផ្នែករដ្ឋបាល និងបច្ចេកទេស ដោយត្រូវបង្កើនកិច្ចសហការរវាងអង្គភាពនិងអង្គភាព និងមន្ទីរពេទ្យនិងមន្ទីរពេទ្យ។
៦) ការបណ្តុះបណ្តាល ត្រូវបញ្ជ្របធានាឱ្យមាននិរន្តភាព ដោយត្រូវមានការបណ្តុះបណ្តាល អនុវត្ត មានការលើកទឹកចិត្ត ប្រកបដោយនវានុវន្តន៍ឱ្យបានល្អ ទាំងនវានុវត្តន៍ផ្នែកបច្ចកវិទ្យា នវានុវត្តន៍ឌីជីថល និងនវានុវត្តន៍អង្គភាព ហើយត្រូវផ្សារភ្ជាប់ក្រមសីលធម៌ ស្របតាមក្បួនខ្នាត។»
សូមជម្រាបជូនថា គោលបំណងនៃការរៀបចំទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥ នេះនឹងផ្តល់ជាការជួបជុំគ្នា ផ្តល់ឱកាសឱ្យមន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួមគ្នាបង្កើតនូវគំនិត បទពិសោធន៍ និងទទួលបាននូវបច្ចេកវិជ្ជាវេជ្ជសាស្រ្តថ្មីៗ ដើម្បីជំរុញឱ្យវិស័យសុខាភិបាល កាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។
ក្នុងពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយ មេដាយសំរិទ្ធការងារ ដល់មន្រ្តីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១២២រូប ដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត៕