រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពភ្នែក គឺជាការវិនិយោគលើសុខភាពប្រជាជន អភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។»

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និង យុទ្ធសាស្ត្រ WHO’s SPECS 2030 នៅកម្ពុជា។

 

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សុខភាពភ្នែក គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល និងជាកត្តាចាំបាច់សម្រាប់ការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC)។ បញ្ហាការចុះខ្សោយគំហើញ និងភាពពិការភ្នែក មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ការអប់រំ ផលិតភាពការងារ ជីវភាពគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសជាតិផងដែរ។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និងយុទ្ធសាស្ត្រ WHO’s SPECS 2030 គឺជាជំហានសំខាន់មួយទៀតក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលភ្នែករបស់កម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព សមធម៌ បរិយាបន្ន និងតម្លៃសមរម្យ។

 

គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ នឹងរួមចំណែកពង្រឹង អភិបាលកិច្ច ការដឹកនាំ ការសម្របសម្រួល ការអភិវឌ្ឍធនធានមនុស្ស គុណភាពសេវា ប្រព័ន្ធទិន្នន័យ និងការគ្រប់គ្រងប្រព័ន្ធសុខភាពភ្នែក ដោយផ្តោតលើការធានាឱ្យសេវាសុខភាពភ្នែកមានគុណភាព សមធម៌ បរិយាបន្ន និងមាននិរន្តរភាព។ ជាមួយគ្នានេះ WHO’s SPECS 2030 ត្រូវបានដាក់បញ្ចូលជាក្របខណ្ឌយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីគាំទ្រដល់ការពង្រីកការគ្របដណ្តប់សេវាកែតម្រូវកំហុសចក្ខុវិស័យ និងការថែទាំសុខភាពភ្នែក។ SPECS ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៥ រួមមាន សេវាកម្ម (Services) ធនធានមនុស្ស (Personnel) ការអប់រំ (Education) តម្លៃសមរម្យ (Cost) និងការតាមដានត្រួតពិនិត្យ (Surveillance)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «ភ្នែកពិតជាមធ្យោបាយទំនាក់ទំនងដែលមិនអាចខ្វះបាន ក្នុងការស្រង់ស្រូបយកការយល់ដឹង។ ពេលមួយដែលយើងបានជួយកុមារដែលមានបញ្ហាភ្នែកដែលមិនអាចមើលបានល្អ យើងអាចនឹងបានជួយអនាគតកុមារដែលជួនកាលអាចក្លាយជាអនាគតប្រទេសជាតិ។ ភ្នែកមិនមែនគ្រាន់តែជាគំហើញប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងគ្រប់ឥរិយាបទនៃវិញ្ញាណទាំងអស់។»

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោល” ក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែក និងដើម្បីកសាងប្រព័ន្ធសុខភាពភ្នែកកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព។

 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអូស្ត្រាលី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មូលនិធិ Fred Hollows អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងសំខាន់ និងបន្តបន្ទាប់ដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា។

 

ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី​ Amy​ Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Ross Piper នាយកប្រតិបត្តិនៃមូលនិធិ Fred Hollows ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យ គ្រឹះស្ថានបណ្តុះបណ្តាល អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

គួបញ្ជាក់ថា÷  បច្ចុប្បន្នកម្ពុជា មានវេជ្ជបណ្ឌិតឯកទេសភ្នែកជាង ២០០រូប និងបុគ្គលិកជំនាញចក្ខុមាត្រការី និងចក្ខុ គិលានុបដ្ឋាកជាង ៧០០រូប ដែលកំពុងបម្រើសេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ កម្មវិធីសុខភាពភ្នែកក្នុង សាលារៀនបានផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស និងគ្រូបង្រៀនរាប់សែននាក់ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភាពភ្នែកត្រូវបានពង្រីកទៅដល់ខេត្តភាគច្រើននៅទូទាំងប្រទេស។

គម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ មានថវិកាសរុបប្រមាណ ៥,៦លានដុល្លារអា មេរិក រំពឹងថានឹងទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការអូស្ត្រាលី (ANCP) និងមូលនិធិហ្វេដហូឡូ។ គម្រោងនេះផ្តោតលើការពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់គុណភាពសេវា ការពង្រឹងប្រព័ន្ធទិន្នន័យ នវានុវត្តន៍ និងការបង្កើន លទ្ធភាពទទួលបានសេវាសុខភាពភ្នែកប្រកបដោយសមធម៌។