ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៣។
នារសៀលថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២៦
ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ២៨៩៣ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់មណ្ឌលសុខភាពទាំង១០ ដែលជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៥ និងបានសង្កត់ធ្ងន់ថាជ័យលាភីនេះ ជាជ័យលាភីរបស់មណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេសក្នុងការទាក់ទាញទំនុកចិត្តរបស់ប្រជាជន ដោយផ្តោតសំខាន់លើ «អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»។ ឯកឧត្តមសាស្រ្តាចារ្យ មានប្រសាសន៍ផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ រក្សាឱ្យបាននូវកិតិ្តយស និងកេរ្តិ៍ឈ្មោះដែលបានមកពីការខិតខំប្រឹងប្រែងបម្រើសេវាដោយប្រើបេះដូង។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងភាពជាអ្នកដឹកនាំ ក្នុងវិស័យសុខាភិបាលមកចែករំលែក និងបានសម្កែងការកោតសរសើដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំ ក្នុងការធ្វើយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម និងត្រៀមខ្លួនក្នុងការឆ្លើយតបគ្រោះធម្មជាតិ ដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។
ជាមួយគ្នានេះ មណ្ឌលសុខភាពវាលដេញ ក៏បានធ្វើបទបង្ហាញពីដំណោះស្រាយសម្រាប់កាត់បន្ថយការរង់ចាំរបស់អ្នកជំងឺ ក្នុងការមកទទួលសេវានៅមណ្ឌលសុខភាពតាមរយៈ ការបង្កើនការតាំងចិត្តរបស់បុគ្គលិក ការបង្តើតប្រព័ន្ធចែកលេខ និងលំហូរអ្នកជំងឺ។







