រដ្ឋមន្រ្តីសុខាភិបាល៖ « សេវាសុខាភិបាលប្រកបដោយគុណភាព ទោះនៅលេីកោះឆ្ងាយដាច់ស្រយ៉ាងណាក៏ដោយ »
រសៀលថ្ងៃទីបីនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យដោយមិនជូនដំណឹងមុន នៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុ បានសង្កេតឃើញថា៖
+ បុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ
+ មណ្ឌលសុខភាពមានបរិស្ថានអនាម័យស្អាត
+ អ្នកជំងឺត្រូវបាន ទទួលពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់ មិនមានការរង់ចាំ
+ គុណភាពសេវា ត្រូវបានវាយតម្លៃថា គ្រប់គ្រាន់ និងមានការរីកចម្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋលើកោះនេះ។
+ ចំណុចមួយចំនួនដែលត្រូវធ្វេីបន្ថែមអោយបានល្អ ដូចជា ការទំនាក់ទំនង ត្រូវប្រកបដោយទំនុកចិត្ត និងភាពជិតស្និទ្ធ។ គួរត្រូវរំលឹកថាគុណភាពសេវា មិនមែនស្ថិតតែលើចំណេះដឹង ប៉ុន្តែស្ថិតលើទឹកចិត្ត និងស្មារតីផងដែរ។
+ ឯសណ្ដាប់ធ្នាប់ និងការរៀបចំឧបករណ៍បរិក្ខាពេទ្យមានភាពល្អ ទន្ទឹមនឹងនោះ ការលះបង់ និងឆន្ទៈរបស់ប្រធានមណ្ឌល និងបុគ្គលិក ត្រូវបានស្នើឱ្យពង្រឹងបន្ថែម ទាំងការបំពេញភារកិច្ច វិន័យខ្ជាប់ខ្ជួន និងការផ្តោតអារម្មណ៍យកចិត្តទុកដាក់ការងារ ដើម្បីឈានទៅរកភាពប្រសេីរឡេីង។
ជារួម មណ្ឌលសុខភាពកោះរ៉ុង ទទួលបាន ការវាយតម្លៃជាមូលដ្ឋានសុខាភិបាលល្អសមរម្យមួយ និងត្រូវបានលើកទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តកិច្ចការស្របគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍសមត្ថភាពអោយប្រសេីរឡេីង។
សារពីឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល៖
« ទោះនៅដែនកោះឆ្ងាយក្តី ក៏ប្រជាជនយើងគ្រប់រូបទទួលបានសេវាសុខាភិបាលមានគុណភាព និងស្មារតីមនុស្សធម៌។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តប្រឹងប្រែងក្នុងភារកិច្ចបម្រើសេវាឱ្យកាន់តែល្អប្រសើរ ដេីម្បីកសាងស្នាមញញឹមជូនប្រជាពលរដ្ឋ អោយក្លាយជាការតបស្នងចំពោះភារកិច្ចដ៏ថ្លៃថ្លា និងការលះបង់ខ្ពស់របស់សហភាតរៈសុខាភិបាលយេីង។»



