រដ្ឋមន្រ្តីសុខាភិបាល៖ «សសរស្តម្ភសំខាន់ចំនួនបី ដើម្បីប្រធានមន្ទីរសុខាភិបាលបន្តពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធថែទាំសុខភាពនៅសហគមន៍ និងថ្នាក់ក្រោមជាតិ គឺ៖ ១-ភាពជាអ្នកដឹកនាំ ២-វិន័យ និង៣-ការទទួលខុសត្រូវ។»

កំពង់ចាម៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ឯកឧត្តមសាស្ត្រាចារ្យ  ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាល ដែលបានខិតខំក្នុងការបំពេញភារកិច្ច សហការគ្នា និងដឹកនាំ ដែលមានការរីកចម្រើន និងវឌ្ឍនភាពជាច្រើនក្នុងខេត្ត។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ និងការកោតសរសើរដល់អតីតប្រធានមន្ទីរសុខាភិបាល ចូលនិវត្តន៍ ដែលកន្លងមក បានយកចិត្តទុកដាក់ខិតខំបំពេញការងារកន្លងមកអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីតាមភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនប្រកបដោយកិត្តិយស និងក្រមសីលធម៌វិជ្ជាជីវៈ និងបានបន្សល់ទុកនៅស្នាដៃជាច្រើន សំដៅរួមចំណែកធ្វើឱ្យវិស័យសុខាភិបាលកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច «ការចាត់តាំងទាំងឡាយ ក្នុងកម្រិតខ្ពស់ណាមួយ គឺជាការទទួលខុសត្រូវ ក្នុងការងារ និងគ្រាន់តែជាការចាប់ផ្តើមដោះស្រាយនូវភាពស្មុគស្មាញទាំងឡាយ ដែលកើតមានសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក។ ហើយការដឹកនាំ ការទទួលខុសត្រូវរបស់មន្ទីរសុខាភិបាលខេត្ត មិនមែនគ្រប់គ្រងត្រឹមជារដ្ឋបាលនោះទេ តែតម្រូវឱ្យមានភាពជាអ្នកដឹកនាំ ដែលជាគំរូ ក្នុងការបម្រើអត្ថប្រយោជន៍រួម និងប្រយោជន៍សាធារណៈ»។ ក្នុងឱកាសនៃការផ្ទេរតំណែងនេះ ឯកឧត្តមសាស្រ្តាចារ្យ ផ្តល់ជាសារគន្លឹះច្បាស់ៗ ដល់ថ្នាក់ដឹកនាំ៖ ១) លទ្ធផលនៃការដឹកនាំ អាស្រ័យលើភាពជាអ្នកដឹកនាំ ដែលជាមេដឹកនាំមន្ទីរសុខាភិបាល  ២) តម្កល់វិន័យ ម៉ឺងម៉ាត់ ភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ៣) បង្កើនវប្បធម៌នៃការទទួលខុសត្រូវ ដោយទទួលខុសត្រូវការចូលរួម ប្រកបដោយភាពត្រឹមត្រូវ និង៤) សូមលើកទឹកចិត្តកុំរុញរានូវការរិះគន់ស្ថាប័ន និងចំណុចខ្វះខាត  ឬចំណុចខ្សោយ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំនូវចំណុចដែលគួរចៀសវាងមួយចំនួន៖ ១) មេដឹកនាំសូមកុំនៅពីក្រោយបញ្ហា ត្រូវគិតលទ្ធផលជារឿងសំខាន់ ២)  កុំបន្ធូបន្ថយ ត្រូវម៉ត់ច្មត់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ៣) កុំក្រែននឹងការវាយតម្លៃ ហើយយកចំណុចខ្វះខាត ដើម្បីកែលម្អឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវបង្ហាញសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅធ្វើយ៉ាងណាឱ្យការដឹកនាំប្រកបទៅដោយ ១) កិត្តិយស ២) សេវាសូមឱ្យទៅជិតប្រជាពលរដ្ឋ ៣) សូមឱ្យគំរូភាពជាអ្នកដឹកនាំនៅទូទាំងខេត្ត ៤) រដ្ឋបាលខេត្តជួយគាំទ្រ និងក្រសួងសុខាភិបាល អមជាមួយការងារជាមួយប្រធានមន្ទីរ ដើម្បីសម្រេចបានលទ្ធផល។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ មានការជឿជាក់ថា លោកប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ត្រូវខិតខំ សហការការងារឱ្យបានល្អជាមួយមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ បញ្ចេញឱ្យអស់ពីភាពប៉ិនប្រសប់របស់ខ្លួន ចេះកៀរគរធនធាន ចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ  គោរពក្រមសីលធម៌វិជ្ជាជីវៈ និងជាអ្នកបម្រើសេវាសុខាភិបាលដែលមានគុណភាពល្អប្រសើរឡើងថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តក្រសួងសុខាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម  លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អ្នកនាង កញ្ញា ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម សរុបចំនួន ៤៥៣នាក់។