រដ្ឋមន្រ្តីសុខាភិបាល៖ «យើងចូលរួមទាំងអស់គ្នា ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា និងទូទាំងពិភពលោក ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត»

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន បានរាយការណ៍សង្ខេប  អំពីលទ្ធផលនៃ ការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងនៅកម្ពុជាលើកទី៣បានបង្ហាញថា ប្រេវ៉ាឡង់នៃជំងឺរបេង វិជ្ជមានបេកា បានធ្លាក់ចុះប្រមាណ ៤៩% នៅចន្លោះឆ្នាំ២០១១ និង ២០២៣។

លោកបន្តថា ទោះបីជាយើងទទួលបាន ជោគជ័យយ៉ាងនេះក៍ដោយ ក៍ប្រទេសយើង នៅមានករណីជំងឺរបេងច្រើននៅឡើយ ហើយមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយដើម្បីអោយកម្មវីធីជាតិ សំរេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុង ឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បីកាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥៖

ដូចនេះ កម្មវិធីជាតិត្រូវការធនធានបន្ថែមទៀត ដើម្បីអោយខ្លួនអាចសំរេចបានទិសដៅជាបន្ត ក្នុងបណ្តាឆ្នាំ ខាងមុខ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមមេត្តាជួយនិងបន្តជួយឧបត្ថម្ភគាំទ្រ ដល់កម្មវិធីជាតិ ដើម្បីអោយសំរេចបានជាស្ថាពរ នូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ

២០៣០ និងក្នុងបណ្តាឆ្នាំបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថាការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបន្តជំរុញការលើកកម្ពស់សុខភាពប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹងបន្ថែម ក្នុងការប្រយុទ្ធនឹងជំងឺរបេង និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់អំពីបញ្ហា ផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» ដែលក្រសួងសុខាភិបាលបាន និងកំពុងអនុវត្ត។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូននូវអនុសាសន៍មួយចំនួន សម្រាប់ជាការងារអាទិភាព រួមមាន៖ ១)ខិតខំសម្រេចឱ្យបានការកាត់បន្ថយអត្រានៃការរីករាលដាលជំងឺរបេង ស្របតាមយុទ្ធសាស្រ្តជាតិ ២)ការផ្តល់ការព្យាបាលកម្រិតខ្ពស់ និងជោគជ័យ សម្រាប់អ្នកជំងឺករណីថ្មី និងករណីលាប់ ៣)បង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ តាមរយៈការពង្រឹងកិច្ចសហការជាមួយដៃគូឯកជន ៤)ពង្រីកបន្ថែមមន្ទីរពិសោធន៍ទំនើប សម្រាប់ការធ្វើតេស្តដំបូងនៅទូទាំងប្រទេស និង៥)បន្តអនុវត្តវិធីសាស្រ្តស្វែងរកក្រុមជនងាយរងគ្រោះ និងការរើសអើង និងធ្វើឱ្យសេវាសុខាភិបាលទៅដល់ពលរដ្ឋផ្ទាល់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៦ ដើម្បីរួមចំណែកឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ដ៏ដូចជាទូទាំងសកលលោក។

ទិវានេះរៀបចំនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិល អង្គការដៃគូនានា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និស្សិត សរុបចំនួន ៣៥០រូប៕