រដ្ឋមន្រ្តីសុខាភិបាល៖ «ការបម្រើសេវាថែទាំ និងព្យាបាលដោយភាពរាក់ទាក់ ស្និតស្នាល ដល់ប្រជាជន បង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល»

ថ្ងៃអង្គារ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង២:០០នាទីរសៀល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងខាងលើនេះយ៉ាងដូច្នេះនៅក្នុងឱកាស ឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣៣៦៤ នាក់។ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សម្រាប់ការកែលម្អដំណើរការនៃការបម្រើសេវាថែទាំសុខភាពបឋម ឱ្យកាន់តែមានភាពរាក់ទាក់ និងស្និតស្នាលជូនប្រជាជនដែលតម្រូវឱ្យ អ្នកបម្រើសេវាត្រៀមលក្ខណៈ ផ្តល់សេវា២៤ម៉ោង ដោយមានឯកសណ្ឋាន និងសម្ភារៈសមរម្យ។ អ្នកបម្រើសេវាក៏ត្រូវតែមានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយរាក់ទាក់ សាកសួរអ្នកជំងឺតាមបច្ចេកទេស កត់ត្រាប្រព័ន្ធព័ត៌មានអ្នកជំងឺ ពន្យល់ណែនាំពីការប្រើប្រាស់ឱសថ ការអប់រំសុខភាព និងជម្រាបអ្នកជំងឺពីការតាមដានស្ថានភាពជំងឺ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកពាក្យគន្លឹះ មួយចំនួនមកធ្វើការបកស្រាយ៖ ១) ពាក្យថា អ្នកទទួលខុសត្រូវ (អ្នកកាន់ការ) ជាពាក្យមួយដូចគ្នានឹងពាក្យអ្នកដឹកនាំដែរ តែពាក្យនេះមិនសំដៅទៅលើមុខតំណែង និងតួនាទីរបស់បុគ្គលទេ ព្រោះអ្នកទទួលខុសត្រូវ ឬអ្នកដឹកនាំជាអ្នកដែលទទួលខុសត្រូវលើបេសកកម្ម ដែលខ្លួនត្រូវបំពេញទោះតូចឬធំក្តី។ (២) ពាក្យថា អ្នកពាក់ព័ន្ធ គឺជាបុគ្គលឬសហភាតរៈរបស់អ្នកទទួលខុសត្រូវ អ្នកពាក់ព័ន្ធអាចជាអ្នកដែលនៅក្នុងអង្គភាពជាមួយគ្នា ឬ អ្នកដែលនៅក្រៅអង្គភាពឬក្រៅស្ថាប័ន។

ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ នៃការបម្រើសេវាថែទាំ និងព្យាបាលក្នុងពេលមានសង្គ្រាមឈ្លានពាន ក្នុងស្ថានភាពជាមន្ទីរពេទ្យនៅកៀកនឹងតំបន់សង្រ្គាម។ ក្រោយពីបទបង្ហាញនិងការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានរំលេចឡើងវិញរូបមន្តសម្រាប់ការទទួលបានជោគជ័យ ដែលមានបញ្ចូលនូវស្មារតីតែមួយ(Unity of the spirit) របស់មន្ត្រីសុខាភិបាល និងការអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍ ទំនាក់ទំនងដោយប្រសិទ្ធិភាព សម្របសម្រួលដោយយោគយល់ និងឆ្លើយតបបន្ទាន់តាមសភាពការណ៍ រួមទាំងទឹកចិត្ត មេត្តានិងករុណា។