រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល គឺការចលនាកម្លាំងក្រុមមួយ ទាំងវេជ្ជបណ្ឌិត និងវិជ្ជាជីវៈទាំងអស់ ឆ្ពោះទៅរកគោលដៅរួម ក្នុងអត្ថប្រយោជន៍សុខភាពរបស់ប្រជាពលរដ្ឋ។»

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះនៅក្នុងខណៈពេលដែល ឯកឧត្តម អញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន
៣ ៣១៤ នាក់ នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកពាក្យគន្លឹះមួយចំនួនមកធ្វើការបកស្រាយ៖ ១) ពាក្យថា “ក្រុមការងារ” ជាពាក្យមួយផ្សាភ្ជាប់ជាមួយភាពជាអ្នកដឹកនាំ ព្រោះថា នៅពេលដែលការដឹកនាំគុណភាព ក្រុមការងារអាចនឹងបង្កើតនូវកម្លាំងចលករយ៉ាងខ្លាំង (លើសពីផលបូកធម្មតា) នៅក្នុងការបង្កើតឱ្យចេញជាផលប្រយោជន៍របស់ក្រុមការងារ ដែលស្របទៅនឹងផលប្រយោជន៍របស់ស្ថាប័ន និងអង្គភាព ២)ពាក្យថា “គោលដៅរួម” ជាពាក្យដែលភ្ជាប់ជាមួយក្រុមការងារ ព្រោះថា ក្រុមការងារដែលមានគោលដៅរួម តែងតែសម្រេចបានសមិទ្ធផលធំធេងជាងក្រុម
ការងារផ្សេងៗ ហើយអ្នកដឹកនាំ ដែលមានឥទ្ធិពលអាចជួយឱ្យក្រុមការងារអាចរកឃើញគោលដៅរួមសម្រាប់ក្រុម អង្គភាព និងសង្គម។ ៣) គោលដៅរួមនៅក្នុង”កាល និងលំហរជាក់លាក់“ សំដៅដល់ភាពជាអ្នកដឹកនាំដែលអាចគូសផ្លូវ និងកំណត់គោលដៅរួមរបស់ក្រុម ដែលស្របតាមកាល និងលំហរជាក់លាក់ ដែលនេះជាកត្តាកំណត់ភាពជោគជ័យនៃការដឹកនាំ។

ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៃការបម្រើសេវាថែទាំ និងព្យាបាល ក្នុងពេលមានសង្គ្រាមឈ្លានពាន។ ក្រោយពីបទបង្ហាញ និងការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានរំលេចឡើងវិញនូវវីរៈភាពរបស់មន្រ្តីសុខាភិបាលយើង ដែលឈរលើគោលការណ៍ ឯកភាពស្មារតីតែមួយ (Unity of the spirit) ក្នុងពេលជួបគ្រោះអាសន្ន និងប្រើប្រាស់ទឹកចិត្តដ៏មុះមុត (the high and resilient morale) ជាអាវុធសម្រាប់ជំនះការលំបាក រហូតធ្វើឱ្យវិស័យសុខាភិបាលទាំងមូល កាន់តែមានភាពធន់ និងអាចទ្រសភាពការណ៍ធ្ងន់ធ្ងរបានដោយទំនុកចិត្ត។