រដ្ឋមន្រ្តីសុខាភិបាល៖ «ស្ត្រី ពិតប្រាកដណាស់ គឺកំពុងវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ លើគន្លងផ្លូវគតិបណ្ឌិត»

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ខាងលើបែបនេះ នៅក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» (Peace and Security for Women and Families)។ ពិធីនេះ ប្រារព្ធធ្វើនៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

ការប្រារព្វទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំនេះ ជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្រ្តី ក៏ដូចជាឆ្លុះបញ្ចាំងលើមេរៀនជា បទពិសោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅសម្រេចបានសង្គម ដែលមានបរិយាបន្ន និងសមភាព សម្រាប់ទាំងអស់គ្នា។

ក្នុងឱកាសដ៏ពិសេសវិសាលនេះ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ បានអានព្រះរាជសារ សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។

នាឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផល រស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងការផ្តល់កាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ជាពិសេសរួមចំណែកពន្លឿនការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលឹកតួនាទីស្រ្តី ដែលដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ៖ ១) ស្រ្តីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌ ២) ស្រ្តីតំណាងឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ ៣) ស្រ្តីវ័យកាន់តែច្រើន បទពិសោធន៍កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ ៤) ឥទ្ធិពលស្រ្តីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តខិតខំបំពេញការងារប្រកបដោយ សាមគ្គីភាព ក្តីស្រឡាញ់ និងប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរ និងចេះជួយយកអាសាគ្នាទៅវិញទៅមក ដោយទឹកចិត្តរាប់អានដ៏ស្មោះស្ម័គ្រ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលជានារី ដែលបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់កណ្តាល នៃក្រសួងសុខាភិបាល ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក។

ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា មានការអញ្ជើញចូលរួមពី ថ្នាកដឹកនាំក្រសួងសុខាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាល និងមន្រ្តីរាជការ បុគ្គលិកនារីបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាល និងមន្រ្តីសុខាភិបាល បម្រើការងារនៅតាមបណ្តាព្រំដែនកម្ពុជា ថៃ និងតាមប្រព័ន្ធ Zoom នូវនារីដែលបម្រើការងារតាមមន្ទីរសុខាភិបាលរាជធានី ខេត្ត។