រដ្ឋមន្រ្តីសុខាភិបាល៖ «ការដឹកនាំ ដើម្បីទទួលបានផលវិជ្ជមាន មិនអាចធ្វើឡើងតាមបែបបណ្តែតបណ្តោយ ឬ គ្រាន់តែធ្វើទៅតាមតែលទ្ធភាពដែលមានបានទេ»

TVK App

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦  ក្នុងឱកាសចុះពិនិត្យសួនរុក្ខជាតិឱសថ របស់មជ្ឈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណនៃក្រសួងសុខាភិបាល នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គីរីរម្យ) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍  ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ១៧៩រូប។

ឆ្លៀតពេលវេលាដ៏មានតម្លៃនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការបកស្រាយពីទម្រង់នៃការដឹកនាំដែលជាដំណើរការ ដែលបុគ្គលបានបង្កើតឱ្យមានឥទ្ធិពលដល់ក្រុមការងារ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមមួយ។ អ្នកដឹកនាំត្រូវមានទស្សនៈវិស័យទូលំទូលាយ និងត្រូវមានសមត្ថភាពដឹកនាំការងារក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា ដើម្បីធ្វើការដឹកនាំកុំឱ្យជាប់គាំង អ្នកដឹកនាំ មិនត្រូវធ្វើការក្នុងលក្ខខណ្ឌចង្អៀតចង្អល់ (ទាល់តែមានអ្វីៗ គ្រប់សព្វទើបអាចដឹកនាំបាននោះទេ) មិនត្រូវធ្វើឡើងតាមបែបបណ្តែតបណ្តោយ ឬ ធ្វើតាមតែលទ្ធភាពដែលមាន (មើលតាមជាក់ស្តែង)។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកពាក្យគន្លឹះ one process, one person មកធ្វើការបកស្រាយស៊ីជម្រៅពីទស្សនៈវិទ្យា នៃការដឹកនាំ ដែលបង្កើតជាដំណើរការមួយដែលកើតឡើងហើយ ដំណើរការនោះនឹងបង្ហាញពីអ្វីមួយ នឹងផ្តល់នូវបទពិសោធន៍ ក្លាយជាលទ្ធផលមួយដែលគេចង់បាន។

បន្ថែមពីលើនេះ ការដឹកនាំទាក់ទងនឹងបុគ្គលភាព ដែលជាអ្នកបំភ្លឺផ្លូវ និងផ្សារសាច់ឈាមជាមួយក្រុមការងារ (incarnation) ដើម្បីក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានឥទ្ធិពលទាក់ទាញ (charismatic leader)។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកកញ្ជ្រៀច នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីបង្កើនការប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅរបស់ខ្លួន។ ក្រោយពីទទួលបានធាតុចូលពីអ្នកចូលរួម ក្រុមការងារមន្ទីរពេទ្យបង្អែកកញ្ជ្រៀចបានតាំងចិត្តក្នុងការធ្វើការបំបែកបញ្ហាឱ្យកាន់តែលំអិត និងធ្វើការជ្រើសរើសបទអន្តរគមន៍ មកអនុវត្ត និងបន្តកែលម្អឱ្យបទអន្តរគមន៍កាន់តែមានប្រសិទ្ធភាព ទៅតាមរង្វិលជុំរបស់ PDIA។