រដ្ឋមន្រ្តីសុខាភិបាល៖ «មគ្គុទេសក៍ព្យាបាលគ្លីនិក (Clinical Practice Guidelines -CPGs) ជួយជាអនុសាសន៍បច្ចេកទេសដល់អ្នកអនុវត្តវិជ្ជាជីវៈសុខាភិបាល ឱ្យបានស្របគ្នាត្រឹមត្រូវតាមលំនាំស្តង់ដាសកលតែមួយ ក្នុងការផ្តល់ការថែទាំព្យាបាលអ្នកជំងឺ សំដៅគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព សមភាព និងភាពធន់។»
រាជធានីភ្នំពេញ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក (Clinical Practice Guidelines -CPGs) វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្រ្ត។កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦មុននេះ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ ជាជំហានដ៏សំខាន់មួយក្នុងការធានាថា អ្នកជំងឺគ្រប់រូបនៅគ្រប់ទីកន្លែងអាចទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ផ្អែកលើភស្តុតាង និងផ្តោតលើមនុស្សជាមូលដ្ឋាន។ មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ នឹងចូលរួមគាំទ្រកំណែទម្រង់ប្រព័ន្ធសុខាភិបាលទូលំទូលាយផងដែរ ជូនប្រជាជនគ្រប់រូប ទទួលបានតាមរយៈសេចក្ដីណែនាំប្រតិបត្តិ និងសំណុំសកម្មភាពសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក ជួយពង្រឹងគោលនយោបាយជាតិសម្រាប់ប្រព័ន្ធបញ្ជូន និងគាំទ្រការលើកកម្ពស់ស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អ្នកជំនាញសុខាភិបាលទាំងអស់ និស្សិតវេជ្ជសាស្ត្រ អ្នកគ្រប់គ្រងមន្ទីរពេទ្យ សាធារណៈ និងឯកជន ត្រូវប្រើប្រាស់មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ ក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃ។ មគ្គុទ្ទេសក៍នេះ នឹងជួយជាគោលការណ៍ ក្នុងការបង្ហាញផ្លូវឱ្យកាន់តែច្បាស់ពីកត្តាធ្វើឱ្យមានសុវត្ថិភាព និងកត្តាដែលអាចកាត់បន្ថយការធ្ងន់ខ្លាំង ដែលជួយឱ្យក្រុមគ្រូពេទ្យកាន់តែប្រាកដពីការអនុវត្តបាន ឬមិនបាន ត្រូវបញ្ជូនបន្ត ទាន់ពេលវេលា និងចំគោលដៅ ព្រមទាំងជួយដល់ចំនុចអាទិភាព ឬពុំចាំបាច់។ មគ្គុទ្ទេសក៍នេះ នឹងជួយនៅពេលធ្វើអភិបាលកិច្ច ដើម្បីឱ្យកាន់តែមានគុណភាព និងប្រសើរឡើងថែមទៀត ឈានសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់ការណែនាំមួយចំនួន ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ មគ្គុទេសក៍ព្យាបាលគ្លីនិកនេះ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ធានាបានការបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា៖ ១) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកមគ្គុទេសក៍ព្យាបាលគ្លីនិកទាំងអស់ ទៅប្រើប្រាស់ក្នុងការអនុវត្តកិច្ចការថែទាំព្យាបាលប្រចាំថ្ងៃឱ្យបានខ្ជាប់ខ្ជួន។ ២) ត្រូវផ្សព្វផ្សាយនូវមគ្គុទេសក៍ព្យាបាលគ្លីនិកទាំងអស់ ឱ្យបានទូលំទូលាយដល់គ្រូពេទ្យ និងផ្នែកពាក់ព័ន្ធជាអ្នកអនុវត្ត ៣) ពិនិត្យលទ្ធភាពក្នុងការបង្កើតជា Mobile App គ្រប់មគ្គុទេសក៍ព្យាបាលគ្លីនិក ដើម្បីងាយស្រួលដល់គ្រូពេទ្យក្នុងការប្រើប្រាស់ក្នុងពេលបម្រើសេវា ៤) ត្រូវធ្វើបច្ចុប្បន្នភាពមគ្គុទេសក៍ព្យាបាលគ្លីនិកជាប្រចាំ និងបន្ថែមប្រធានបទថ្មី ដែលចាំបាច់តាមបរិបទវិវត្តន៍សង្គមសុខភាព ៥) ធ្វើការសិក្សាស្ទង់មតិអំពីផលប្រយោជន៍ ការពេញចិត្ត ក្នុងការអនុវត្តមគ្គុទេសក៍ព្យាបាលគ្លីនិក ក្នុងកិច្ចការអនុវត្តការថែទាំ ព្យាបាលប្រចាំថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រកាសស្តីពីការបង្កើត “គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល ( គ.ទ.គ.ស.)” ដែលជាជំហានយុទ្ធសាស្ត្រសំខាន់មួយបន្ថែមទទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបម្រើសេវាប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ គ.ទ.គ.ស. ដើរតួនាទីជាយន្តការឯករាជ្យ ក្នុងការធានាស្តង់ដាគុណភាពសេវាសុខាភិបាល ទាំងក្នុងវិស័យសាធារណៈ និងឯកជន នឹងជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ពង្រឹងការគ្រប់គ្រងគុណភាព សុវត្ថិភាព និងបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាល។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរដល់ គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្រ្តថ្នាក់ជាតិរបស់ក្រសួងសុខាភិបាល (SC‑NMTC) និងក្រុមការងារបច្ចេកទេសមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក(CPG‑TWGs) គ្រប់ជំនាញ និងអង្គការសុខភាពពិភពលោក ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងដំណើរការអភិវឌ្ឍមគ្គុទេ្ទសក៍ព្យាបាលគ្លីនិកនេះ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យជាតិ អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យខេត្ត ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍន៍។



