រដ្ឋមន្រ្តីសុខាភិបាល÷ គោរព និងកោតសរសើរពី វីរភាព របស់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួបរួមគ្នាក្នុងទឹកចិត្តមុះមុត បន្តបម្រើសេវាជូនប្រជាជនទូទាំងប្រទេសជាពិសេសការបម្រើសេវាសុខាភិបាល នៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែន។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍នៅខាងលើនេះ យ៉ាងដូច្នេះនៅក្នុងឱកាសឯកឧត្តម
អញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣០៨៦រូប នៅរសៀលថ្ងៃទីទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦មុននេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរៀបរាប់ពីដំណើរចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពសេវាសុខាភិបាល នៅក្រោយសង្គ្រាមក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និង បន្ទាយមានជ័យ។ តាងនាមឱ្យស្ថាប័នសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានមោទនភាពចំពោះ វីរភាពរបស់បុគ្គលិកសុខាភិបាលទាំងអស់ ដែលនៅបន្តការងារបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ២៤ម៉ោង នៅតាមទីសុវត្ថិភាពចាប់ពីថ្ងៃសង្គ្រាមចាប់ផ្តើម រហូតដល់ពេលនេះដោយមិនរាថយ។ ការប្រយុទ្ធបានស្ងប់ស្ងាត់បន្តិច តែស្ថានភាពគំរាមកំហែងពីអ្នកឈ្លានពាននៅតែមានជារៀងរាល់ថ្ងៃ នៅចំពោះមុខស្ថានភាពបែបនេះ បុគ្គលិកសុខាភិបាល នៅតែក្លាហានបន្តការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្នាមញញឹម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តការងារវីរភាពនេះកាន់តែជាគំរូ និងយូរអង្វែង។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទស្តីពីបែបបទនៃការដឹកនាំ
មានប្រសិទិ្ធភាព ដែលកើតចេញពីការងារជាក់ស្តែង ដោយមានមូលហេតុជាច្រើន ធ្វើឱ្យការដឹកនាំដែលកើតចេញពីបទពិសោធន៍ជាក់ស្តែងមានប្រសិទ្ធិភាព រួមមាន៖
១-ការដឹកនាំពិតប្រាកដត្រូវធ្វើនៅលើបរិបទជាក់ស្តែងដែលមានកត្តាប្រឈមផ្សេងៗ ដែលយើងត្រូវការយកចិត្តទុកដាក់ដោះស្រាយឱ្យមានភាពប្រទាក់ក្រឡាគ្នា
២-ធាតុផ្សំដែលធ្វើឱ្យការដឹកនាំមានប្រសិទ្ធិភាព មិនមែននៅខាងក្រៅខ្លួនបុគ្គលទេ តែជាការតាំងចិត្ត និងប្រវត្តិនៃការងាររបស់បុគ្គលនោះ
៣-មេរៀនដែលមានតម្លៃ ជាមេរៀនដែលកើតចេញពីបទពិសោធន៍ការងារដែលបុគ្គលផ្ទាល់បានជួបប្រទះ ឬពីបុគ្គលផ្សេងដែលបានចែករំលែក និង ជាពិសេសជាមេរៀនដែលកើតចេញពីការបរាជ័យកន្លងមក និង
៤-គុណភាពរបស់អ្នកដឹកនាំ មិនមែនកើតមានពេលដែលទទួលបានលិខិតចាត់តាំងប្រគល់តួនាទីទេ តែគុណភាពដឹកនាំ កើតឡើងដោយសារបុគ្គលអាចប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន និងអាចទាញយកបទពិសោធន៍ថ្មីៗ ពីការងារបន្ថែមទៀត ព្រមទាំងអាចពង្រើកបទពិសោធន៍ ជាមួយក្រុមការងារតាមរយៈការចែករំលែក និងបង្ហាត់បង្ហាញជាប្រចាំ។
ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកគីរីវង់នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ពង្រឹងគុណភាពនៃការថែទាំក្រោយសម្រាល។



