រដ្ឋមន្រ្តីសុខាភិបាល÷  ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តការកែលម្អគុណភាពសេវា និងកាត់បន្ថយបញ្ហាអសកម្ម ក្នុងការបម្រើសេវាសុខាភិបាល ក្នុងឆ្នាំ២០២៦

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅក្នុងឱកាសឯកឧត្តមដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣២១២រូប កាលពីរសៀលថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៦មុននេះ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការខិតខំកន្លងមករបស់មន្រ្តី និងបុគ្គលិកសុខាភិបាល និងបានជំរុញឱ្យទាំងអស់គ្នា បន្តបំពេញការងារដោយផ្តោតលើការកាត់បន្ថយភាពមិនប្រក្រតី នៅក្នុងការបម្រើសេវា ឱ្យនៅសល់តិចតួចបំផុត។

ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី បានណែនាំពីយន្តការ នៃការបម្រើសេវាថែទាំ ដែលមានលក្ខណៈទំនាក់ទំនងគ្នា (រួមទាំងការបញ្ជូនអ្នកជំងឺ) ចាប់តាំងពីមណ្ឌលសុខភាព ទៅមន្ទីរពេទ្យបង្អែក កម្រិត១ និង កម្រិត២ រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ តាមរយៈការតាមដានជំងឺឱ្យបានជាប់លាប់រហូតដល់អ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យ បានធ្វើ
បទបឋកថា លើប្រធានបទ ការរៀបចំរបាយការណ៍បង្ហាញពីសមិទ្ធិផលរបស់អង្គភាពមួយ ដែលរបាយការណ៍នោះត្រូវរំលេចចំនុចមួយចំនួន រួមមាន៖
១)ទិដ្ឋភាពទូទៅនៃការផ្លាស់ប្តូរ ដោយបង្ហាញពីតថភាព នៃសមិទ្ធិផល និង បង្ហាញនូវភស្តុតាងនៃសមិទ្ធិផល ជាទិន្នន័យ នៃការប្រើប្រាស់សេវា តម្លៃសេវា សូចនាករគុណភាព និងការប្រៀបធៀបជាមួយនឹងអង្គភាព និងស្ថាប័នផ្សេងៗ
២)លក្ខណៈអំណោយផល ដែលធ្វើឱ្យទទួលសមិទ្ធិផល
៣)បញ្ហាប្រឈមដែលរារាំង និងជួបប្រទះនិង
៤)ការងារសំខាន់ៗ ដែលធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន។ល។

ជាកិច្ចបន្ទាប់ ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញឱ្យប្រជាជន មកប្រើប្រាស់សេវាឱ្យបានច្រើន ដោយជ្រើសរើសយកការកែលម្អ គារវកិច្ច និងបដិសណ្ឋារកិច្ច នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

ក្រោយពីបទបង្ហាញ ក៏មានការពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទទាក់ទងនឹងការធ្វើអភិបាលកិច្ច របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ការធ្វើនិយតកម្មសេវាឯកជន ការពង្រើកសេវាបន្ថែមនៅតាមមណ្ឌលសុខភាព។

ក្នុងឱកាសនោះដែរ  ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានមានមតិបន្ថែម ក្នុងគោលបំណងជំរុញឱ្យអង្គភាពបម្រើសេវាសុខាភិបាលទាំងអស់ ឈានឱ្យលើសពីការបម្រើសេវា គារវកិច្ច និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅបង្កើតឱ្យបាននូវការបម្រើសេវាដោយក្តីករុណា (compassion) ដែលការបម្រើសេវាបែបនេះ កើតចេញពីសេចក្តីមេត្តា (empathy) របស់បុគ្គលិកសុខាភិបាល ដែលជាការទទួល សាកសួរ ស្តាប់ ពិនិត្យអ្នកជំងឺ ដើម្បីស្វែងរកប្រភពនៃការឈឺចាប់ រួមផ្សំជាមួយនឹងសកម្មភាពព្យាបាលបែបវេជ្ជសាស្រ្ត ដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។