រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមគ្នាដាំកូនឈើ ក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដដើម្បីអបអរសាទរ រុក្ខទិវា៩កក្កដា

ឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំ ពិធីដាំកូនឈើក្នុងបរិវេណ រោងចក្រផលិតទឹកស្អាត បាក់ខែង ដើម្បីអបអរសាទរ«រុក្ខទិវា»៩ កក្កដា និងដើម្បីរួមចំណែកក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេង។
ក្នុងឱកាសនេះ ឯកឧត្តម ហែម វណ្ណឌី ថ្លែងថា នេះជាលើកទី២ហើយ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំ ពិធីដាំកូនឈើនេះ ក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដោយលើកទី២នេះ បានដាំដើមគ្រញូង១៥០ ដើម និងថ្កុលចំនួន២ ដើម។ នេះជាការដាំ បន្ថែមទៅលើកូនឈើគ្រញូង បេង នាងនួន និងធ្នង់ចំនួន ៣៩៨ ដើម ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាំក្នុងបរិវេណរោចក្រនេះ កាលពីខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម បានលើកឡើងបន្តថា «ការដាំនេះ គឺយឺតបន្តិច ប៉ុន្តែល្អជាងយើងអត់បានធ្វើ។ហើយនេះ គឺជាការស្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ»
ឯកឧត្តម បានលើកឡើងបន្ថែមថា ផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា ការដាំដើមឈើ គឺជាយុទ្ធសាស្រ្តមួយ ក្នុងការបន្ថយសីតុណ្ហភាពខ្យល់បានពី២ទៅ៨អង្សា។ ការដាំដើមឈើនៅជុំវិញអគារអាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីត្រជាក់បាន៣០%។ លើសពីនេះ ដើមឈើមួយដើម អាចស្រូបយក ការបូន ពី១៥គីឡូក្រាមក្នុងមួយឆ្នាំ ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ៕