រដ្ឋមន្រ្តីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយ លោកស្រី June Kunugi នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី June Kunugi នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់លោកស្រីមកកាន់ប្រទេសកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើចំណុចយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ដែលរបៀបវារៈសំខាន់ៗនៃកិច្ចពិភាក្សារួមមាន៖

– ការស្តារការសិក្សាឡើងវិញ និងជំនាញមូលដ្ឋាន៖ ការជំរុញការអនុវត្តថ្នាក់ជាតិលើការរៀន និងបង្រៀន។

– ការអប់រំឆ្លាតវៃឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Climate Smart Education)៖ ការបញ្ជ្រាបចំណេះដឹងអំពីបរិស្ថាន និងការកសាងសាលារៀនដែលមានភាពធន់។

– ការអភិវឌ្ឍជំនាញសតវត្សទី២១៖ ការពង្រឹងបំណិនជីវិត និងសមត្ថភាពយុវជនឱ្យដើរទាន់ការវិវត្តនៃសកលលោក។

– បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ៖ ការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន ដើម្បីលុបបំបាត់គម្លាតឌីជីថល។

ក្នុងឱកាសនេះ លោកស្រី June Kunugi បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល SEA-PLM របស់កម្ពុជានាពេលថ្មីៗនេះ ដែលបានបង្ហាញយ៉ាងច្បាស់ពីវឌ្ឍនភាពនៃការរៀនសូត្ររបស់សិស្ស ជាពិសេសភាពធន់របស់កម្ពុជា ដែលបានកសាងប្រព័ន្ធអប់រំឡើងពីស្រមោលនៃសង្គ្រាម។ ជាមួយគ្នានេះ លោកស្រី នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងពីបញ្ហាគម្លាតមួយចំនួនដែលត្រូវបំពេញបន្ថែម ជាពិសេសនៅតំបន់ដាច់ស្រយាល និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង្គការ UNICEF ក្នុងការគាំទ្រដល់កម្មវិធីជាតិថ្មីរបស់កម្ពុជាឆ្នាំ ២០២៤-២០២៨ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌។

ជាការឆ្លើយតប តាងនាមឱ្យក្រសួងអប់រំ សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី June Kunugi មកកាន់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNICEF សម្រាប់កិច្ចសហការដ៏ល្អ និងការជួយជ្រោមជ្រែងដល់គ្រូបង្រៀន និងសិស្សានុសិស្សកម្ពុជាជាច្រើនទសវត្សកន្លងមកនេះ។ វឌ្ឍនភាពវិស័យអប់រំនៃការធ្វើកំណែទម្រង់សាលារៀនក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ដូចជាការពង្រីកលទ្ធភាពទទួលបានការអប់រំកុមារតូច ការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រដើម្បីទប់ស្កាត់ការបោះបង់ការសិក្សា លើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងការដាក់ចេញនូវស្តង់ដាសាលារៀនគំរូទូទាំងប្រទេសជាដើម។

បច្ចុប្បន្ន ក្រសួងបាននិងកំពុងចាប់យកការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ ខណៈនៅមានបញ្ហាប្រឈមពាក់ព័ន្ធនឹងឧបករណ៍បច្ចេកទេស កុំព្យូទ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមតំបន់ដាច់ស្រយាលមួយចំនួនផងដែរ ដែលទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយបន្តទៀត ក្នុងគោលដៅពន្លឿនបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានបរិយាបន្ន និងសមធម៌៕