រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ អនុវត្តពាក្យស្លោក ៣កុំ ១រាយការណ៍ និងគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទាំងកម្រិតក្នុងប្រទេស និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែង ព្រមទាំងអនុវត្តពាក្យស្លោក ៣កុំ ១រាយការណ៍ និងគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន។

ថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ប្រារព្ធនៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងក្របខ័ណ្ឌអន្តរជាតិវិញ គឺកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយន្តការជាក់ស្ដែងបន្ថែមលើការប្ដេជ្ញាចិត្តដ៏មុះមត់ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការជាមួយនគរបាលអន្តរជាតិ ជាពិសេសក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយភ្ជាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើលាងសម្អាតប្រាក់ និងអំពើជួញដូរអាវុធមហាប្រល័យទៀតផង។

ឯកឧត្តម បានស្នើដល់ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរដ្ឋក៏ត្រូវតែគាំទ្រវិស័យឯកជនដូចគ្នាដែរ តាមរយៈការដាក់ចេញនូវនយោបាយនិងវិធានការ ដែលមានភាពប្រទាក់ក្រឡា ដូចជាការបញ្ចុះតម្លៃអគ្គិសនី តម្លៃផ្គត់ផ្គង់ទឹកស្អាត តម្លៃពន្ធពាក់ព័ន្ធ រួមទាំងតម្លៃផ្គត់ផ្គង់សំភារៈគាំទ្រដល់ការងារស្ដារនីតិសម្បទាផ្សេងៗ ដែលមានប្រភពផ្គត់ផ្គង់មកពីវិស័យឯកជន។

សូមជម្រាបថា កន្លងទៅថ្មីនេះ កម្លាំងមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការដោយរួមបញ្ចូលការប្រើសត្វសុនខដើម្បីបង្ក្រាបគ្រឿងញៀនជាច្រើនរយគីឡូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលកន្លងមក ការបង្ក្រាបទីតាំងកែច្នៃក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ព្រមទាំងការបង្ការ ទប់ស្កាត់ ការប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជាឆ្ពោះទៅកាន់ប្រទេសទី៣ ឬក្រៅតំបន់ ដែលកិច្ចការងារនេះ សុទ្ធតែជាការរួមចំណែកដើម្បីសុខកុមាលភាពមនុស្សជាតិលើពិភពលោក៕