រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាបើកទីផ្សារថ្មី នាំចេញផលិតផលទៅកាន់១៦៩ប្រទេស ក្នុងឆ្នាំ២០២៥

ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមករា ថា ៖ កម្ពុជាធ្វើពិពិធកម្មទៅកាន់ពិភពលោកកាន់តែធំ ដោយបើកទីផ្សារថ្មីៗនាំចេញផលិតផលកើនដល់១៦៩ប្រទេស ក្នុងឆ្នាំ២០២៥។

លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងបន្តថា ៖ ការកើនឡើងទីផ្សារថ្មីសម្រាប់នាំចេញផលិតផល នឹងជួយចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នៃតំបន់ នៃទីផ្សារតំបន់និងសកល ព្រមទាំងបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ នៅក្នុងខ្សែច្រវាក់តម្លៃសម្រាប់ផលិតកម្មនិងវិនិយោគិន។ បើតាម លោកជំទាវ ចម និម្មល ក្នុងឆ្នាំ២០២៥ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, អាស៊ាន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, កាណាដា, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ, អូស្ត្រាលី, ឥណ្ឌា, អេមីរ៉ាត់អារ៉ាប់រួម ជាដើម សម្រេចបានទំហំពាណិជ្ជកម្ម ក្នុងទឹកប្រាក់ប្រមាណជិត៦៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។

ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារធ្វើដំណើរនិងកាបូប, អង្ករ, គ្រាប់ស្វាយចន្ទី, ស្ករត្នោត, ដំឡូងមី, សំបកកង់ឡាន, ជ័រកៅស៊ូ, គ្រឿងអេឡិចត្រូនិក, កង់, ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង, គ្រឿងសង្ហារិម ចំណីសត្វជាដើម។ល។ លោកជំទាវ ចម និម្មល បានអះអាងថា ក្រសួងពាណិជ្ជកម្ម នឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មីៗ ព្រមទាំងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក និងរក្សាស្ថិរភាពទីផ្សារក្នុងស្រុក៕