រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការបន្តសាមគ្គីភាពល្អជាមួយគ្នា ដើម្បីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដីនិងអភិវឌ្ឍន៍ប្រទេស ឆ្ពោះទៅវឌ្ឍនភាព និងចូលរួមបំពេញតួនាទីតំណាងឱ្យប្រជាជនកម្ពុជា ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ បន្តមានសាមគ្គីភាពជាមួយគ្នា ឱ្យបានរឹងមាំល្អថែមទៀត និងបន្តការជឿជាក់លើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងការដឹកនាំកម្ពុជាឆ្ពោះទៅវឌ្ឍនភាពរុងរឿង។ ជាមួយគ្នានេះ ការរួមសាមគ្គីគ្នារបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ គឺបង្ហាញឱ្យឃើញដើម្បីបំពេញបេសកកម្ម តំណាងឱ្យប្រជាពលរដ្ឋ១៧លាននាក់ ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

បន្ថែមពីនេះនេះ ឯកឧត្តម បានមានប្រសាសន៍ថា បច្ចុប្បន្ន មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងឱ្យប្រជាជន១៧ លាននាក់នៅក្នុងប្រទេសទាំងមូល ដែលកំពុងដើរតួនាទីតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ជាពិសេសក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ការរួមសាមគ្គីគ្នា ធ្វើការជាមួយគ្នា ដោយស្មោះត្រង់ នោះនឹងធ្វើឱ្យផ្ទះយើង ប្រទេសកម្ពុជាមានសិរីសួស្តី និងការរីកចម្រើន ជាពិសេសឆ្ពោះទៅមានភាពស្អាតទាំងនៅក្នុងទឹក លើដី និងលើមេឃរបស់កម្ពុជា ហើយកម្ពុជា មានការកោតសរសសើរពីអន្តរជាតិ ដែលនេះគឺកម្ពុជាមានភាពស្អាតលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា ប្រសិនបើយើងទាំងអស់រួមសាមគ្គីគ្នា គាំទ្រនូវគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាពិតជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថានត្រូវការចូលរួមសាមគ្គីគ្នា ដើម្បីជួយជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕