រដ្ឋមន្រ្តីការបរទេសអាម៉េរិក-ឥណ្ឌាជួបពិភាក្សាគ្នា! បន្ទាប់ពីលោក Trump ប្រកាសបន្ថយពន្ធពី២៥% មកត្រឹម១៨% វិញ ក្នុងលក្ខខណ្ឌឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី និងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar មកកាន់វិមានក្រសួងការបរទេសអាម៉េរិកនៅថ្ងៃអង្គារនេះ (ម៉ោងនៅអាម៉េរិក) សម្រាប់កិច្ចពិភាក្សាទ្វេភាគីរវាងភាពវិវឌ្ឍន៍ពាណិជ្ជកម្មអាម៉េរិក-ឥណ្ឌាឡើងវិញ។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donlad Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកមានគម្រោងបន្ថយអត្រាពន្ធគយលើទំនិញមកពីប្រទេសឥណ្ឌា ពី ២៥% មកត្រឹម១៨% វិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានយល់ព្រមឈប់ទិញប្រេងពីភាគីរុស្ស៊ីនោះ។ ចលនានេះបានធ្វើឡើងដែរបន្ទាប់ពីលោក Trump បានជំរុញឱ្យសមភាគីឥណ្ឌាកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅ ដែលមានតម្លៃធូរថ្លៃរបស់រុស្ស៊ីបន្តទៀតអស់រយៈពេលជាច្រើនខែ។ ប៉ុន្តែលោកប្រធានាធិបតី Trump ក៏មិនបានលើកឡើងយ៉ាងច្បាស់ថាតើលោកនឹងលុបចោលពន្ធបន្ថែម ២៥% លើប្រទេសឥណ្ឌាសម្រាប់ការទិញប្រេងឆៅរបស់រុស្ស៊ីឬអត់នោះទេ ប៉ុន្តែអ្នកនាំពាក្យនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងញូវដេលីបញ្ជាក់ថា “ពន្ធចុងក្រោយនឹងមានត្រឹមតែ ១៨%។ ដែលនេះមានន័យថាពន្ធពិន័យនឹងត្រូវបានលុបចោល ដែលជាការសម្រាកសម្រាប់អ្នកនាំចេញឥណ្ឌាដែលបានប្រឈមមុខនឹងកំដៅដ៏ក្តៅដោយសារតែពន្ធគយដ៏ខ្ពស់រួមបញ្ចូលគ្នារហូតដល់ទៅ ៥០% ឯណោះ។ ប្រទេសឥណ្ឌាបានក្លាយជាអ្នកទិញធំជាងគេទីពីរនៅ Ural ដែលទទួលបានការបញ្ចុះតម្លៃពិសេសជាហេតុធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្ត។ ប្រទេសឥណ្ឌាធ្លាប់បានបញ្ជាក់ថាការទិញថាមពលរបស់ខ្លួនត្រូវបានដឹកនាំដោយលក្ខខណ្ឌទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋខ្លួនដែលមានរហូតដល់ជាង ១.៤ប៊ីលាននាក់ ប៉ុន្តែមិនដែលបានបញ្ជាក់ឱ្យច្បាស់ថាតើខ្លួននឹងកាត់បន្ថយ ឬបញ្ឈប់ការទិញរបស់រុស្ស៊ីឬអត់នោះដែរ។ ឥណ្ឌាបានទាញយកអត្ថប្រយោជន៍ពីតម្លៃប្រេងរបស់រុស្ស៊ីដែលធ្លាក់ចុះ ខណៈដែលពិភពលោកភាគច្រើនបានព្យាយាមធ្វើឱ្យទីក្រុងមូស្គូស្ថិតក្នុងភាពឯកោ ចំពោះការឈ្លានពានអ៊ុយក្រែនរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ លើទឹកដីអ៊ុយក្រែន។ លោក Trump បាននិយាយថា ឥណ្ឌាក៏នឹងចាប់ផ្តើមកាត់បន្ថយពន្ធគយនាំចូលរបស់ខ្លួនលើទំនិញអាមេរិកមកត្រឹមសូន្យ និងទិញផលិតផលអាមេរិកដែលមានតម្លៃ ៥០០ ប៊ីលានដុល្លារអាម៉េរិកដែរ។ លោក Trump បាននិយាយក្នុងសារបង្ហោះតាមបណ្តាញសង្គម Truth Social របស់លោក ដោយប្រកាសពីការកាត់បន្ថយពន្ធលើប្រទេសឥណ្ឌាថា “ស្ថានភាពនេះនឹងជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងកើតឡើងនៅពេលនេះ ដោយវាបានបង្ករឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់សប្តាហ៍!”។ ចំណែកលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi វិញក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X របស់លោកថា៖ លោកមានសេចក្តីរីករាយចំពោះការកាត់បន្ថយពន្ធគយដែលបានប្រកាសរបស់អាម៉េរិក ហើយលោកថា «ភាពជាអ្នកដឹកនាំរបស់លោក Trump គឺមានសារៈសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក»។ សូមរំលឹកថានៅឆ្នាំ ២០២៤ ឱនភាពពាណិជ្ជកម្មកសិកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសឥណ្ឌាមានចំនួនរហូតដល់ ១,៣ ប៊ីលានដុល្លារអាម៉េរិកឯណោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ