រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ដ្រីជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ផ្លូវជនបទចំនួន ៥ខ្សែ រួមមាន៖

ខ្សែទី១៖ ឈ្មោះផ្លូវ អំពិល-គគីរ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ១១,៨៦គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិអំពិល ឃុំអំពិល ទៅដល់ភូមិតាវំាង ឃុំគគីរ ស្រុករមាសហែក ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៧៣១គ្រួសារ ស្មើនឹង ២ ៨០៣នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ៨៦៦គ្រួសារ ស្មើនឹង ១១ ៦២៧នាក់។

ខ្សែទី២៖ ឈ្មោះផ្លូវ ចន្រ្តី-ម្រាម ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប១២,៤៣គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិចន្រ្តី ឃុំចន្រ្តី ទៅដល់ភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ២២០គ្រួសារ ស្មើនឹង ៩ ៧១០នាក់ នឹងអ្នកទទួលផលដោយប្រយោល ចំនួន ៥ ៤០៩គ្រួសារ ស្មើនឹង ២៣ ៥០៣នាក់។ ខ្សែផ្លូវទាំងពីរខ្សែខាងលើនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពី រាជរដ្ឋាភិបាលកម្ពុជា, IFAD, និង EU-AIF។

ខ្សែទី៣៖ ឈ្មោះផ្លូវ ព្រៃគៀវ-កំពង់អំពិល ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២៦,៧៥៩គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគៀវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៤ ២៦៣គ្រួសារ ស្មើនឹង ១៧ ៩៧២នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១៦ ០៤៤គ្រួសារ ស្មើនឹង ៦៤ ៥០១នាក់។

ខ្សែទី៤៖ ឈ្មោះផ្លូវ ផ្សារចក-ពងទឹក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,១៦៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិចក ឃុំកំពង់ចក ទៅដល់ភូមិបុសតូច ឃុំពងទឹក ស្រុករំដួល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣ ៦៩៣គ្រួសារ ស្មើនឹង ១៤ ២៥៣នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១៦ ០៤៤គ្រួសារ ស្មើរនឹង ៦៤ ៥០១នាក់។ ខ្សែផ្លូវទី៣ និងទី៤ ខាងលើនេះផងដែរ អនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី ADB។

បន្ទាប់ពីបានពិនិត្យគុណភាពផ្លូវចំនួន ៤ខ្សែខាងលើរួចមក លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពល្បាយក្រួស ១ខ្សែ មានឈ្មោះផ្លូវ កក់-ត្រពាំងដំរី មានប្រវែង ១៩,៧០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ទៅដល់ភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។

បន្ថែមពីនេះទៀត ដោយពិនិត្យឃើញស្ថានភាពមានការលំបាកខ្លាំង រដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដាក់បញ្ចូលខ្សែផ្លូវនេះ ទៅក្នុងគម្រោងដៃគូអភិវឌ្ឍ ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូ ឬបេតុង ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សំដៅជួយសម្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់រដូវកាល និងយូរអង្វែង៕