រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក ÷គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ

រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក ÷គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ
_
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍បែបនេះនៅក្នុងកិច្ចប្រជុំបន្តនៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៨៨នាក់ កាលពីរសៀលថ្ងៃទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងបន្តទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ឱ្យពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត ព្រោះអ្នកដឹកនាំត្រូវសម្រេចិត្តរាល់ពេល និងត្រូវសម្រេចចិត្តឱ្យត្រូវ និងទាន់សភាពការណ៍។ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានពន្យល់បកស្រាយលំអិតពីចំនុចទាក់ទងនឹងចក្ខុវិស័យដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងារ ក្នុងចំណោមចំនុចសំខាន់ៗទាំងបី រួមមាន៖ (១) ចក្ខុវិស័យ (២)យុទ្ធសាស្រ្ត និង (៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ។ អ្នកដឹកនាំពិតប្រាកដ ខុសពីអ្នកដឹកនាំសាមញ្ញ ត្រង់ថា អ្នកដឹកនាំពិតប្រាកដមានសមត្ថភាពផ្តល់ចក្ខុវិស័យ ដែលជាការប្រមើមើលទៅអនាគតបានវែងឆ្ងាយ ដូចជាក្នុង២០ឆ្នាំខាងមុខ ដល់អ្នកក្រោមបង្គាប់ និងអ្នកជុំវិញខ្លួន ដើម្បីឱ្យមានការឯកភាពជាធ្លុងមួយក្នុងការសម្រេចចក្ខុវិស័យនោះ។ ចក្ខុវិស័យ គឺជាគោលដៅរួមមួយ ដែលកើតចេញពីការផ្គុំឡើងពីគោលការណ៍ និងគុណតម្លៃច្បាស់លាស់។ ចក្ខុវិស័យកាន់តែច្បាស់ លទ្ធភាពក្នុងការទទួលជោគជ័យក៏កាន់តែច្រើន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យចាក់ផ្សាយនូវបទបាឋកថារបស់ឯកឧត្តម ទាក់ទងនឹងទស្សនៈវិជ្ជាដែលជាទុនក្នុងការគិតឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។ អ្នកដឹកនាំពិតប្រាកដ ត្រូវស្វែងយល់ពីសាវតានៃបញ្ហា ឬស្ថានការណ៍ និងដំណើរវិវត្តឱ្យបានទូលំទូលាយ មុននឹងធ្វើការវិនិច្ឆ័យ និងសម្រេចចិត្ត។ យើងមិនអាចមើលតែលើទម្រង់ (form) ដូចជារូបសម្បត្តិ តែមិនគិតដល់សារជាតិ ឬខ្លឹមសារ (substance) ដូចជាអត្តចរិតរបស់បុគ្គលនោះទេ។ ទម្រង់មានការប្រែប្រួលលឿន និងងាយមើលឃើញ តែសារជាតិ ឬខ្លឹមសារមិនងាយប្រែប្រួល និងមានភាពយូរអង្វែង។
ជាចុងក្រោយ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីលើកកម្ពស់គុណភាពសេវាផ្នែកឱសថដែលមានកម្រិតទាប របស់មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុនសែន កោះស្លា នៃខេត្តកំពតផងដែរ។