រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យមន្រ្តីសុខាភិបាលរំលឹកដល់សហភាតរៈ ដែលកំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣២៤២ នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវខ្ពស់របស់សេវាឯកជន ដើម្បីធ្វើជាដៃគូរជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលជូនប្រជាជន និងសំដៅទៅលើការបង្កើនភាពទាក់ទាញរបស់សេវាសុខភាពរបស់កម្ពុជា។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តលើកយកចំនុចគន្លឺះ២បន្ថែមទៀត នៅក្នុងចំនុចគន្លឹះទាំង៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម (a leader needs to be in action)។ ចំនុចគន្លឹះបន្ថែមទាំង២ រួមមាន៖ (១)អ្នកដឹកនាំជាអ្នកមានទំនាក់ទំនងយ៉ាងល្អ(good communicator)(២)អ្នកដឹកនាំត្រូវជា អ្នកចរចារ/អ្នកសម្របសម្រួលយ៉ាងល្អ (good negotiator) ដែលជាអ្នកមានសមត្ថភាពសម្របសម្រួលក្នុងក្របខណ្ឌត្រឹមត្រូវ និងប្រកបដោយជំហរច្បាស់លាស់ ក្នុងការចរចារ ដើម្បីផលប្រយោជន៍របស់វិស័យ អង្គភាព ឬប្រជាជន។
ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យបានបន្តរលើកយកទ្រឺស្តីនៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការបង្ហាញពី(១)សកម្មភាពរបស់មនុស្សក្នុងការកែប្រែសង្គម និងធម្មជាតិដែលបណ្តាលអោយមានវិវិត្តន៍នៃការយល់ដឹង និង (២)ទ្រឹស្តីដែលថាចំណេះដឹងរបស់មនុស្សជាតិគ្មានដែនកំណត់ ដែលនេះជាមូលដ្ឋានឱ្យមនុស្សលោក បន្តរកឃើញនូវការរបកឃើញថ្មីៗ ដើម្បីបម្រើផលប្រយោជន៍ឱ្យមនុស្សលោក។
ជាចុងក្រោយ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះមានបទបង្ហាញចំនួន២ផ្តោតលើការកាត់បន្ថយការឆ្លងរោគ គឺបទបង្ហាញមកពីមន្ទីរពេទ្យបង្អែកពញាឮ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល និងមកពីមន្ទីរពេទ្យបង្អែកបាទី នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។