រដ្ឋមន្ត្រីសុខាភិបាល÷ ភាពច្បាស់លាស់ នៃចក្ខុវិស័យ និងវឌ្ឍនភាពសុខាភិបាលកម្ពុជា កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរនៅអង្គការសុខភាពពិភពលោក ដែល ខ្ញុំសូមពាំនាំ មកជូនដល់បងប្អូនសុខាភិបាលយើងទាំងអស់គ្នា ដើម្បីកាន់តែបង្កើនការខិតខំគ្រប់កម្រិតទទួលខុសត្រូវ

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពេល ដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅទីស្តីការក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចូលរួមបំពេញការងារប្រចាំការ និងឆ្លើយតបក្នុងការពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកអំពី ភាពជោគជ័យក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសក្នុងការចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ក្រោមប្រធានបទ “ពិភពលោកមួយ ដើម្បីសុខភាព One World for Health” ។ នេះជាលទ្ធផលបានពីការខិតខំរបស់បងប្អូនសុខាភិបាលគ្រប់កម្រិតទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ នៅតាមអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមយកចិត្តទុកដាក់បន្ថែម និងកាន់តែមានភាពវាងវៃ សម្របសម្រួលឱ្យបានរលូនទៅដល់ការព្យាបាលថែទាំប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ ទាំងឯកជន។
ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនាយកដ្ឋាននីមួយៗ មានមតិរាយការណ៍អំពីវឌ្ឍនភាព និងកិច្ចការអនុវត្តបន្ត តាមរយៈរបាយការណ៍សកម្មភាពការងារដែលបានធ្វើកន្លងមក។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់អនុសាសន៍ និងការណែនាំ នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១) សូមពិនិត្យមើលជាក់ស្តែង តម្រូវការចំបាច់នូវសម្ភារៈឧបករណ៍ក្នុងការបំពាក់ទីតាំងចត្តាឡីស័កនៅព្រលានយន្តថ្មី ដើម្បីការពារ និងទប់ស្កាត់ជំងឺឆ្លង ២) ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវា ការផ្តល់ជូនឱសថព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនូវជំងឺមិនឆ្លង (ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម) រួមទាំងការអប់រំសុខភាពបង្ការជំងឺមហារីក ៣) ការបង្ការ និងការពារជំងឺកូវីដ-១៩ ដោយត្រូវរំលឹកការចូលរួមក្នុងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ពិសេសជនងាយរងហានិភ័យ៕