រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី។
ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលចម្បងៗនៃកិច្ចប្រជុំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាល និងដល់បណ្តាសារពត៌មាន ដែលក្នុងនោះ រួមមាន “ការរៀបចំគោលនយោបាយត្រួតពិនិត្កម្មវិធី/គម្រោងកិច្ចពិភាក្សា ការសម្រេចនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ការពិចារណាការកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងពិភាក្សាស្វែងរកកាលានុវត្តភាព សម្រាបដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យនិងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត”។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈ ប្រដំប្រសង និងស៊ីចង្វាក់ស្របនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជាយើងផងដែរ ហើយដែលកម្ពុជា បានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជម្រាបពីជំហរកម្ពុជា រួមទាំងការគាំទ្ររបស់ក្រសួង ជូនដល់ប្រតិភូជំនាញសុខាភិបាល ដែលនៅបន្តចូលរួម និងធ្វើបទអន្តរាគមន៍ ទៅលើប្រធានបទសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖ ១) ការប្រែប្រួលអាកាសធាតុ ២) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង ៣) សន្តិសុខសុខភាព ដូចជាជំងឺឆ្លង ៤) ការធ្វើឱ្យកាន់តែប្រសើរឡើងការថែទាំសុខភាពបឋម (Boosting Primary Health Care) ៤) ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ៥) សុខភាពមាត់ធ្មេញ (Oral Health) ៧) សុខាភិបាលឌីជីថល (Digital Health) ៨) ការអភិវឌ្ឍន៍មូលធនមនុស្សសុខាភិបាល និង ៩) កម្មវិធីចាក់ថ្នាំបង្ការ។
កិច្ចប្រជុំលើកទី៧៦ របស់ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងណាឌី សាធារណរដ្ឋហ្វីជី ដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោក ចំនួន៣៨ ប្រទេស/ដែនដី និងដៃគូអភិវឌ្ឍន៍នានា៕