រដ្ឋមន្ត្រីក្រសួងសុខាភិបាល÷ បន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”

រដ្ឋមន្ត្រីក្រសួងសុខាភិបាល÷ បន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”
=============
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៥ បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧៩៦ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកបទពិសោធន៍ពីការចុះពិនិត្យមណ្ឌលសុខភាពចំនួន២ ដោយឥតព្រាងទុក។ ឯកឧត្តមសាស្រ្តចារ្យបានកោតសរសើរដល់មណ្ឌលសុខភាពហាន់ជ័យដែលបានរៀបចំបានយ៉ាងល្អនិងបានខិតខំបង្កើនភាពជឿជាក់អោយប្រជាជនក្នុងការមកទទួលសេវានៅមណ្ឌលសុខភាព។ ទន្ទឹមនឹងនេះឯកឧត្តមសាស្រ្តាចារ្យក៏បានជំរុញមណ្ឌលសុខភាពទាំងអស់ ប្រកាន់គោលជំហរកែរលំអរគុណភាពសេវាដោយមិនបណ្តែតបណ្តោយ និងសូមអោយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ស្រុកប្រតិបត្ត អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធចូលរួមពង្រឹងសេវាសុខភាពនៅទូទាំងប្រទេស។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកប្រធានបទ អត្ថរស(ខ្លឹមសារ) និងទំរង់(រូបភាព) ដែលផ្នែកតូចមួយ នៃសម្ភារៈនិយមវិចារវិទ្យាសម្រាប់ជួយអោយយើងបានស្វែងយល់ពីការវិវត្តន៍នៃអង្គភាព/ស្ថាប័ន ឬសង្គម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានប្រដូចការកែរលំអរគុណភាពសេវាសុខាភិបាលជាអត្ថរសរបស់វិស័យសុខាភិបាល ហើយ អត្ថរសនេះមានឥទ្ថិពលលើទំរង់របស់ប្រព័ន្ធសុខាភិបាលដែលប្រដូចទៅនឹងការរើកចំរើនហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ/មណ្ឌលសុខភាព)។
ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកបទពិសោធន៍នៃការដឹកនាំសេវាសុខាភិបាលនៅខេត្តកំពង់ចាម។