រដ្ឋមន្ត្រីក្រសួងសុខាភិបាល÷ បន្តធ្វើបាឋកថា លើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្តនៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យា ឈរលើមូលដ្ឋានបែបវិទ្យាសាស្រ្ត»

កាលពីរសៀលថ្ងៃទី២៩ ខែមេសានេះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៣៧៨នាក់។

នៅក្នុងវគ្គនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួនរបស់ ឯកឧត្តមដែលចង់ផ្តល់ឱកាសឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំហ្វឹកហាត់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំឆ្នើម ហើយចូលរួមជួយជំរុញវិស័យសុខាភិបាល ឱ្យរីកចំរើនបានកាន់តែឆាប់រហ័ស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍ជំរុញឱ្យ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួយបង្ហាត់បង្ហាញដល់មន្ត្រីក្រោមឱវាទសំដៅផ្តល់ឱកាសប្រើប្រាស់ភាពជាអ្នកដឹកនាំដល់មន្រ្តីនៅគ្រប់ខ្សែសង្វាក់នៃប្រពន្ធ័សុខាភិបាល។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តលើកយកវិធីសាស្រ្តនៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្តដោយផ្តោតលើ “ភាពដោយឡែក”និង “ភាពរួម” របស់អង្គវត្ថុ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកជាឧទាហរណ៍ បង្ហាញពីការប្រើប្រាស់ ភាពដោយឡែក និងភាពរួម ឱ្យបានយល់ពីតថភាពការងារ តថភាពសង្គម នៃបណ្តាប្រទេសផ្សេងៗ។ គោលគំនិត “ភាពរួម និងភាពដោយឡែក” នេះក៍អាចយកទៅប្រើប្រាស់នៅក្នុងការវិភាគបញ្ហា ដើម្បីជួយឱ្យយើងយល់ពីបញ្ហាបានកាន់តែគ្រប់ជ្រុងជ្រោយ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងដើម្បីសុវត្ថិភាពការសម្រាល និងការសង្គ្រោះទារក នៅថ្នាក់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់៕