រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចណែនាំឲ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមឲ្យមានប្រសិទ្ធភាពដើម្បីជួយពលរដ្ឋក្រីក្រ
ថ្លែងក្នុងពិធីប្រកាស លោក ស៊ុយ សុភ័ក្ត្រវិបុល ចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានធ្វើការផ្លាស់ប្តូរពីអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមបែបសសរស្ដម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការផ្តល់កិច្ចគាំពារទៅតាមហានិភ័យនៃវដ្ឋជីវិត។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីកំណត់អំពីវិធាន នីតិវិធី លក្ខខណ្ឌ យន្តការគ្រប់គ្រង និងការផ្តល់អត្ថប្រយោជន៍នៃកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ពន្លឿនការចាកចេញពីភាពក្រីក្រ ប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសលោកប្រធានមន្ទីរដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែងត្រូវ៖ ទី១.យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ក្នុងការដឹកនាំ និងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារបម្រើឱ្យផល់ប្រយោជន៍ជនរងគ្រោះ និងងាយរងគ្រោះ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ២.ត្រូវសហការ និងមានទំនាក់ទំនងល្អជាមួយគ្រប់អង្គភាពជំនាញរបស់ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញនានាជុំវិញខេត្ត ជាពិសេស រវាងមន្ទីរ ស.អ.យ. ជាមួយសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងសាខាមូលនិធិជនពិការខេត្ត។ ៣.សហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថារដ្ឋបាលខេត្ត និង អាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងការងារជនអនាថា ជនវិបល្លាសស្មារតី អ្នកសុំទានតាមទីសាធារណៈ ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍របស់ខេត្ត និង៤.ក្នុងភាពជាអ្នកដឹកនាំ ត្រូវមានវិន័យ មានការទទួលខុសត្រូវ ចេះរៀបចំយុទ្ធសាស្ត្រដឹកនាំអនុវត្ត ត្រួតពិនិត្យកិច្ចការ ចេះប្រមូលកម្លាំង ដឹងពីសុខទុក្ខ និងចេះលើកទឹកចិត្តមន្ត្រីក្រោមឱវាទ ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅខេត្តកំពតរាល់ការតែងតាំងប្រធានមន្ទីរអង្គភាព ត្រូវមានការបោះឆ្នោតឯកភាពពីមន្ត្រីមន្ទីរអង្គភាពសាមី ទើបរដ្ឋបាលខេត្តចូលរួមវាយតម្លៃលើសមត្ថភាព លទ្ធភាព គុណវុឌ្ឍិ គុណធម៌ សីលធម៌ និងសក្តានុពលក្នុងភាពជាអ្នកដឹកនាំ រួចទើបបញ្ជូនសំណើបន្ត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



