រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា នឹងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន១៥០រូប ទៅដាក់តាំងបង្ហាញនៅប្រទេសចិនចំនួន៣ទីតាំង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដើម្បីសម្តែងការគួរសម និងជម្រាបរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុន អនុវត្តកន្លងមក ជាពិសេសគឺគម្រោងផ្តល់កម្ចីវត្ថុបុរាណ ពីសំរឹទ្ធ ចំនួន១៥០រូប ទៅដាក់តាំងបង្ហាញ នៅប្រទេសចិនចំនួន៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។

ទន្ទឹមនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានស្នើឲ្យភាគីក្រុមហ៊ុនផ្តល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីវប្បធម៌នានានៅក្នុងទីតាំងរបស់ក្រុមហ៊ុនក្នុងខេត្តសៀមរាប ហើយសុំឲ្យភាគីចិនជួយថែទាំវត្ថុបុរាណខ្មែរឲ្យមានសុវត្ថិភាពខ្ពស់នាកំឡុងពេលខ្ចី។ ដោយឡែកខ្លឹមសារនៃការដាក់តាំង គួរមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ក្រសួង។

ក្នុងកិច្ចពិភាក្សានេះដែរ លោកជំទាវបានបញ្ជាក់ថា ក្រសួងផ្តល់ការគាំទ្រចំពោះសកម្មភាពដែលក្រុមហ៊ុនបានធ្វើទាក់ទងការផ្សព្វផ្សាយពីវប្បធម៌នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរការនៃការបើកសារមន្ទីរជីវតាក្វាន់ នាពេលអនាគត៕