រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានអះអាងថា វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅកម្ពុជានឹងត្រូវដោះស្រាយបញ្ចប់ទាំងស្រុងចុងឆ្នាំនេះជាមួយនឹងការបញ្ចប់ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ប៉ុន្តែត្រូវការពេលបន្ថែមទៀត ដើម្បីកែតម្រូវការងារមួយចំនួន សម្រាប់ពលរដ្ឋមិនទាន់បានចុះបញ្ជីដីធ្លីពេលដែលក្រុមការងារជំនាញរបស់ក្រសួងចាប់ផ្ដើមការវាស់វែងនិងចុះបញ្ជីដីធ្លីតាំងពីដំបូង ។
នេះជាការអនុវត្តការងារជោគជ័យរបស់ក្រសួងតាមការកំណត់គោលដៅរបស់រាជរដ្ឋាភិបាល ដែលបានជំរុញការបញ្ចប់ការវាស់វែងដីធ្លីទូទាំងប្រទេសនៅឆ្នាំ២០២៥ ហើយឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឆ្នាំ២០២៧ ។
តាមរយៈវីដេអូខ្លីដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនពីម្សិលមិញ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា កាលពីទំនាស់ដីធ្លីច្រើនបំផុតក្នុងរង្វង់ប្រមាណ ២០.០០០ករណីនៅទូទាំងប្រទេស ប៉ុន្តែមកដល់បច្ចុប្បន្ននេះក្រសួងរៀបចំដែនដីដោះស្រាយបានប្រមាណ ១៩.៨០០ករណី ពោលគឺនៅសល់ប្រមាណ ២០០ករណីទៀតប៉ុណ្ណោះ ដែលត្រូវបញ្ចប់ទាំងស្រុកនៅចុងឆ្នាំនេះ ។
លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តថា៖ «អ៊ីចឹងការចុះបញ្ជីដីជូនប្រជាពលរដ្ឋ វត្តអារាម សាលារៀន រួមទាំងដីតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន ដីកសិកម្មរបស់ក្រសួងកសិកម្ម ដីបឹងធម្មជាតិរបស់ក្រសួងធនធានទឹកជាដើម យើងនឹងបញ្ចប់ការចុះបញ្ជីភាគច្រើននៅខែ១២ (ធ្នូ)» ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ «ចំពោះពលរដ្ឋណាដែលមិនទាន់ចុះបញ្ជីដីធ្លី ក៏នៅមានសិទ្ធិនិងឱកាសស្នើសុំចុះបញ្ជីដីធ្លីរបស់ខ្លួនបានដែរ។ ខ្ញុំនឹងចុះបញ្ជីជូនពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ អ៊ីចឹងហើយបានជាខ្ញុំសុំពេលវេលាបន្តិច ដើម្បីសម្អាតការងារទាំងអស់នេះ» ។
លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានរំលេចថា ការបញ្ចប់ការចុះវាស់វែងនិងចុះបញ្ជីដីធ្លីយ៉ាងឆាប់រហ័សនេះ គឺផ្អែកលើការប្រើប្រាស់កម្លាំងជំនាញប្រមាណ ៥.០០០នាក់ និងអ្នកគាំទ្រលើកិច្ចការងារនេះប្រមាណ ៥.០០០នាក់ផ្សេងទៀតនៅទូទាំងប្រទេស ។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីបញ្ហាដ៏សំខាន់មួយ ដែលឈានដល់ការបញ្ចប់ការចុះបញ្ជីដីធ្លីទាំងស្រុងទូទាំងប្រទេស លុះត្រាតែបញ្ហាប្រើប្រាស់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនៅខេត្តសៀមរាបមានការចុះសម្រុងគ្នាជាមួយអាជ្ញាធរជំនាញផងដែរ ។
លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់មន្ថែមថា៖ «នៅសៀមរាប ជាតំបន់បេតិកភណ្ឌ ដែលមានប្រាង្គប្រាសាទអីអ៊ីចឹង។ អ៊ីចឹងការគ្រប់គ្រងដីនៅទីនោះ គឺយើងប្រើប្រាស់លក្ខខណ្ឌគ្រប់គ្រងដោយច្បាប់ផ្សេង។ អ៊ីចឹងហើយខ្ញុំកំពុងតែសម្របសម្រួលយ៉ាងម៉េចឱ្យពលរដ្ឋទាំង១១៤ភូមិដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរអាចប្រើប្រាស់ដីបានដោយងាយស្រួលទន្ទឹមនឹងការប្រើប្រាស់មរតកដូនតាយើងបានដែរ» ៕