រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ និវត្តជន នៅតែជាធនធានដ៏មានតម្លៃ ជាអ្នកណែនាំ ជាអ្នកផ្តល់បទពិសោធន៍ ជាម្លប់នៃគំនិតសម្រាប់មន្ត្រីជំនាន់ក្រោយ, បទពិសោធន៍មួយចំនួនមិនអាចរកឃើញតាមសៀវភៅ ឬបច្ចេកវិទ្យាបានទេ តែអាចរកឃើញតាមជីវិតការងារ ការលះបង់ និងការបម្រើជាតិជាក់ស្តែង។
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា និវត្តជន មិនមែនជាអតីតកាលដែលត្រូវបានបំភ្លេចឡើយ ផ្ទុយទៅវិញនិវត្តជនគឺជាគ្រឹះនៃបច្ចុប្បន្ន និងជាមេរៀនសម្រាប់អនាគត, បទពិសោធន៍ ចំណេះដឹង សីលធម៌ ការងារ និងស្មារតីបម្រើជាតិរបស់និវត្តជន គឺជាទុនបញ្ញា និងជាទុនស្មារតីដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ។
ការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះជាមួយនិវត្តជន ជាអតីតមន្ត្រីរាជការក្រសួងព័ត៌មាន ចំនួន២៥០រូប នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចូលនិវត្តន៍គឺជាការបញ្ចប់ភារកិច្ចផ្លូវការក្នុងក្របខណ្ឌរដ្ឋបាល ប៉ុន្តែមិនមែនជាការបញ្ចប់តម្លៃ បទពិសោធន៍ និងការចូលរួមចំណែកចំពោះសង្គមជាតិឡើយ។ សម្រាប់ក្រសួងព័ត៌មាន ការចូលនិវត្តន៍មិនមែនជាការចាកចេញពីគ្រួសារក្រសួងនោះទេ វាគ្រាន់ជាការផ្លាស់ប្តូរ ពីអ្នកបំពេញភារកិច្ចប្រចាំថ្ងៃ ទៅជាម្លប់បទពិសោធន៍ ម្លប់គំនិតសម្រាប់អ្នកជំនាន់ក្រោយ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានអំពាវនាវដល់មន្ត្រីក្រសួងព័ត៌មានជំនាន់បច្ចុប្បន្ន និងទៅពេលខាងមុខឲ្យបន្តយកគំរូតាមស្មារតីលះបង់ ការទទួលខុសត្រូវ វិន័យការងារ និងស្មោះត្រង់របស់មន្ត្រីជំនាន់មុន ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្ត្រីវ័យក្មេង និងមន្ត្រីបច្ចុប្បន្នឲ្យចេះស្តាប់ ចេះសួរ ចេះរៀន និងចេះទទួលយកបទពិសោធន៍ពីមន្ត្រីជំនាន់មុន ព្រោះបទពិសោធន៍មួយចំនួនមិនអាចរកឃើញតាមសៀវភៅ ឬបច្ចេកវិទ្យាបានទេ តែអាចរកឃើញតាមជីវិតការងារ ការលះបង់ និងការបម្រើជាតិជាក់ស្តែង។ យើងត្រូវចងចាំថា ការងារព័ត៌មាន មិនមែនជាការងារធម្មតា ប៉ុន្តែជាការងារពាក់ព័ន្ធដោយផ្ទាល់ទៅនឹងទំនុកចិត្តសាធារណៈ ស្ថេរភាពសង្គម និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ។
ដូច្នេះការរៀបចំពិធីជួបជុំគ្នានាថ្ងៃនេះ មិនមែនជាការជុំធម្មតានោះទេ ប៉ុន្តែជាឱកាសដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់យើងទាំងអស់គ្នាក្នុងការរម្លឹកគុណូបការៈ ការលះបង់ ការខិតខំប្រឹងប្រែង និងស្នាដៃដ៏មានតម្លៃរបស់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុនដែលបានចូលរូមយ៉ាងសំខាន់ក្នុងការការពារ និងអភិវឌ្ឍន៍វិស័យព័ត៌មានរបស់កម្ពុជា។ ឯកឧត្តម បានលើកឡើងថា វត្តមានរបស់ថ្នាក់ដឹកនាំ និងនិវត្តជននៃក្រសួងព័ត៌មាន នាឱកាសនេះ គឺជាការរម្លឹកដ៏មានតម្លៃថា ក្រសួងព័ត៌មាននាពេលបច្ចុប្បន្នមិនមែនកើតឡើងដោយឯងៗនោះឡើយ ក្រសួងព័ត៌មានដែលយើងឃើញនៅថ្ងៃនេះ ត្រូវបានកសាងឡើងលើមូលដ្ឋានកម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង បទពិសោធន៍ ស្មារតីទទួលខុសត្រូវ និងលះបង់របស់មន្ត្រីជំនាន់មុន ដែលបានបម្រើការងារជូនក្រសួង និងប្រជាពលរដ្ឋ និងប្រទេសជាតិដោយភាពស្មោះត្រង់ ។ និវត្តជនទាំងអស់ មិនត្រឹមតែធ្លាប់បំពេញភារកិច្ចនៅក្រសួងព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាប្រវត្តិសាស្រ្តរស់របស់ក្រសួងព័ត៌មាន។ រាល់ការលះបង់ រាល់បទពិសោធន៍ រាល់ស្នាដៃ និងរាល់ការខិតខំប្រឹងប្រែងដែលបានបន្សល់ទុក គឺជាមរតស្ថាប័នដ៏មានតម្លៃដែលមន្ត្រីជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយត្រូវចងចាំ គោរព និងបន្តថែរក្សា ។ ឯកឧត្តម បានបញ្ជាក់ដែរថា នៅក្នុងដំណើរការរបស់ក្រសួងព័ត៌មាន យើងមិនអាចបំភ្លេចបានឡើយនូវតួនាទី និងស្នាដៃរបស់មន្ត្រីជំនាន់មុន ក្នុងរយៈពេលកន្លងមក ដោយបានចូលរួមបំពេញភារកិច្ចក្នុងបរិបទ និងស្ថានភាពមិនងាយស្រួល ពេលខ្លះធនធាននៅមានកម្រិត សម្ភារៈបច្ចេកទេសមិនទាន់ទំនើប លក្ខខណ្ឌការងារមិនទាន់ល្អប្រសើរដូចសព្វថ្ងៃ ប៉ុន្តែបងប្អូនមន្ត្រីជំនាន់មុននៅតែប្រឹងប្រែងបំពេញភារកិច្ចដោយភាពអត់ធ្មត់ ភក្តីភាព វិន័យ និងស្មាតីបម្រើជាតិខ្ពស់ ។ បងប្អូនខ្លះជាអ្នកដែលបានបំពេញការងារនៅវិទ្យុជាតិ ដើម្បីផ្សាយសំឡេងព័ត៌មាន សំឡេងសន្តិភាព និងសំឡេងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋគ្រប់ទិសទី, ខ្លះបានបម្រើការងារនៅទូរទស្សន៍ កាសែត ភ្នាក់ងារសារព័ត៌មាន និអង្គភាពជំនាញនានារបស់ក្រសួង។ ខ្លះទៀតបានធ្វើការនៅពីក្រោយឆាក ក្នុងការរៀបចំឯកសារ ការគ្រប់គ្រងរដ្ឋបាល បច្ចេកទេស ការផលិតកម្មវិធី ការផ្សព្វផ្សាយព័ត៌មាន តាមដានព័ត៌មាន និងការគាំទ្រការងារសាធារណៈផ្សេងៗ ។ ទោះបីជាភារកិច្ចនីមួយៗខុសគ្នាក៏ដោយ ប៉ុន្តែគោលដៅរួមគឺដូចគ្នា គឺបម្រើប្រជាពលរដ្ឋ បម្រើសង្គមជាតិ និងធានាឲ្យមានព័ត៌មានត្រឹមត្រូវទៅដល់សាធារណជន។ ស្នាដៃទាំងនេះមិនគួរមើលរំលងឡើយ ស្នាដៃទាំងនេះគឺជាគ្រឹះយ៉ាងរឹងមាំដែលបានបន្តមកដល់មន្ត្រីបច្ចុប្បន្ន ។ ឯកឧត្តម បញ្ជាក់ដែរថា បច្ចុប្បន្ននេះ យើងខ្ញុំជាមន្ត្រីជំនាន់ក្រោយសូមសំដែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈ របស់និវត្តជនទាំងអស់ ។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចដែរថា ក្រសួងព័ត៌មាន គឺជាស្ថាប័នមួយដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានផ្លូវការ ព័ត៌មានពិត និងបានផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ។ តាំងពីអតីកាលមក ក្រសួងព័ត៌មានបានបំពេញតួនាទីជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋតាមរយៈ វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណីនានា ។ នៅសម័យមុនត្រូវការពេលវេលា កម្លាំង និងការរៀបចំឲ្យបានច្បាស់លាស់ ដើម្បីអាចផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ។ មន្ត្រីព័ត៌មានត្រូវធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវត្រួតពិនិត្យ ត្រូវរៀបចំ និងត្រូវផ្សាយដោយប្រុងប្រយ័ត្នបំផុត។
បច្ចុប្បន្ននេះ ពិភពព័ត៌មានបានផ្លាស់ប្តូរយ៉ាងលឿន ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បណ្តាញសង្គម និងបច្ចេកវិទ្យាថ្មីៗបានធ្វើឲ្យព័ត៌មានរីករាលដាលយ៉ាងឆាប់រហ័សបំផុត ព័ត៌មានពិតបានទៅដល់ប្រជាជនបានលឿន ប៉ុន្តែព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត បំភ័ន្ត ក៏អាចរីករាលដាលបានយ៉ាងលឿនផងដែរ ។ នៅក្នុងបរិប័ទនេះ តួនាទីរបស់ក្រសួងព័ត៌មានកាន់តែមានសារៈសំខាន់ថែមទៀតក្នុងការពង្រឹងពង្រីកការផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តសាធារណៈ ការពារសេចក្តីពិត និងរក្សាបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព សុចរិតភាព និងការទទួលខុសត្រូវ ។ ដូច្នេះ ការងារព័ត៌មាននៅថ្ងៃនេះ មិនមែនគ្រាន់តែជាការផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត ការពារសេចក្តីពិត ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានដែលមានប្រយោជន៍ ត្រឹមត្រូវ ទាន់ពេលវេលា នឹងអាចទុកជឿចិត្តបាន ។
ប៉ុន្តែទោះបីបច្ចេកវិទ្យាមានការផ្លាស់ប្តូរ វិធីសាស្រ្តបានផ្លាស់ប្តូរក៏ដោយ បេសកកម្មស្នូលរបស់ក្រសួងព័ត៌មាន មិនផ្លាស់ប្តូរ បេសកកម្មនោះគឺការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ពេលវេលា និងមានការទទួលខុសត្រូវជូនប្រជាពលរដ្ឋ ។
គូរបញ្ជាក់ដែរថា និវត្តជនជាអតីតមន្ត្រីរាជការក្រសួងព័ត៌មាន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានចំនួន ១ ០៩៧រូប ក្នុងនោះមានស្រ្តី ២៨៣រូប ថ្នាក់ដឹកនាំ ៣៣រូប និងទីប្រឹក្សា ១៧២រូប ៕





