រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា
ដោយក្នុងកិច្ចពិភាក្សាបានធ្វើការផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ជាពិសេសការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជា។
ក្នុងកិច្ចពិភាក្សាការងារនេះដែរភាគីទាំងពីរបានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន ដើម្បីឆ្លើយតបនឹង បរិបទឌីជីថល ការកើនឡើងនៃព័ត៌មានមិនពិត និងតម្រូវការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងព័ត៌មានកំពុងផ្តោតលើការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ឌីជីថល ការផលិតមាតិកាមានគុណភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។
ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដា បានសម្តែងការគាំទ្រ និងចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ អ្នកជំនាញ និងការគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលអាចជួយលើកកម្ពស់គុណភាពសារព័ត៌មាន និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជា។
ភាគីទាំងពីរ បានឯកភាពបន្តពិភាក្សាលម្អិតលើគម្រោងសហការជាក់ស្តែងនាពេលខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាកាន់តែរីកចម្រើន និងបម្រើប្រយោជន៍សាធារណៈបានប្រសើរឡើង៕



