រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកសាជាថ្មីដល់អ្នកសារព័ត៌មាន មិនត្រូវសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី,អ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន និងអ្នកមានវិបល្លាសសតិស្មារតី, ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗផងដែរ,
អ្នកសារព័ត៌មានមិនត្រូវសម្ភាសអ្នកទាំងនោះ ហើយធ្វើការផ្សាយផ្ទាល់ ឬផ្សព្វផ្សាយបន្តបែបលេងសើចនោះទេ,
ការគូសបញ្ជាក់រម្លឹកសាជាថ្មី របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានាដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។
ពិធីសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់សាជាថ្មីថា បងប្អូនអ្នកសារព័ត៌មាន មិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈចំពោះជនណាដែលមានវិល្លាសស្មារតី, ស្រវឹងស្រាបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន និងជនណាដែលសង្ស័យលើប្រើប្រាស់គ្រឿង ញៀន និងបានបញ្ជាក់ពីផលវិបាកមួយយចំនួនដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ នៅពេលយើងកាន់ក្បាលមេក្រូនិយាយ គឺត្រូវតែឈរនៅលើមូលដ្ឋាននៃការពិត និងប្រភពច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងពីការនិយាយព័ត៌មានដែលអត់ទាន់ពិតផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។
ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញដែរថា អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជា ឬចាប់ចងគេនោះឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ចូលរួមទប់ស្កាត់ការចែកចាយរូបភាពហិង្សា និងរូបភាពអាសអាភាស ព្រមទាំងវីដេអូដែលមានលក្ខណៈសាហាឃោរឃៅ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ជាដើម។
នៅក្នុងឱកាសនៃពិធីសំណេះសំណាលនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្អូនអ្នកសារព័ត៌មានមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។ ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ដូច្នេះបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា បន្តរួមគ្នាដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន ៕



