រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រដល់សារព័ត៌មានត្នោត ញ៉ូស ក្នុងការចួលរួមផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ និងលើកស្ទួយវិស័យទេសចរណ៍,

( ភ្នំេពេញ )៖ ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង លោកស្រី ហាន លី អគ្គនាយិកាអង្គភាព សារព័ត៌មានត្នោត ញ៉ូស បានគោរពស្នើការគាំទ្រ ផ្តល់កិច្ចសហការ និងអនុសាសន៍ពី ឯកឧត្តម រដ្ឋមន្ត្រី ដើម្បីធ្វើការរៀបចំកម្មវិធី “ ភូមិទេសចរណ៍កម្ពុជា-ចិន និងកម្មវិធីធុរៈកិច្ចកម្ពុជា-ចិន “ នៅក្រុងព្រះសីហនុ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។
លោកស្រី ហាន លី បានជម្រាបជូនថា សារព័ត៌មានត្នោត TNAOT គ្រោងនឹងរៀបចំកម្មវីធី ភូមិទេសចរណ៍កម្ពុជា-ចិន និងកម្មវិធីធុរៈកិច្ចកម្ពុជា-ចិន ដោយមានកិច្ចសហការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលបំណងសំខាន់ចូលរួមផ្សព្វផ្សាយក្រុងព្រះសីហនុ ជាគោលដៅទាក់ទាញវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដូច្នេះដើម្បីធានាបានថាកម្មវិធីនេះទទួលបានជោគជ័យ និងផ្សព្វផ្សាយបានទូលំទូលាយ ជាពិសេសស្របនឹងគោលនយោបាយនៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥ » សារព័ត៌មានត្នោត ស្នើសុំកិច្ចសហការពីក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយកម្មវិធីអោយបានល្អ។
នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំសារព័ត៌មានត្នោត ញ៉ូស បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្មវិធីនានាកន្លងមក ដែលជាការបង្ហាញពីទំនាក់ទំនងល្អលើកិច្ចការងារផ្សព្វផ្សាយរវាង សារព័ត៌មានត្នោត និងក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ពីការគាំទ្រ និងការចូលរួមសហការជាមួយ សារព័ត៌មានត្នោត ញ៉ូស ក្នុងការរៀបចំព្រឹត្តិការណ៍ ពិព័រណ៌ ភូមិទេសចរណ៏កម្ពុជា-ចិន និងដំណើរធុរៈកិច្ចកម្ពុជា-ចិន នៅក្រុងព្រះសីហនុ ដែលជាទីតាំងដ៏សមស្របមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីសក្តានុពល និងភាពរីកចម្រើននៅក្នុងខេត្តព្រះសីហនុ ជាពិសេសកម្មវិធីនេះដែរ ក៏ដើម្បីជំរុញទំនាក់ទំនងល្អរវាង កម្ពុជា ចិន ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដែលជាដំណើរស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរ។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សារព័ត៌មានត្នោត ញ៉ូរ ដែលកន្លងមកតែងតែចូលរួមផ្សព្វផ្សាយព័ត៌មានល្អពីប្រទេសកម្ពុជា ទៅកាអន្តរជាតិ។ តាមរយៈនេះ ឯកឧត្តម ស្នើដល់សារព័ត៌មានត្នោតដែលផ្សាយជាភាសាខ្មែរ និងភាសាចិន ដែលមានអ្នកគាំទ្រច្រើន សូមបន្តផ្សព្វផ្សាយពីអ្វីដែលកើតមាន ឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីព្យាយាមលុបបំបាត់ព័ត៌មានមិនពិតពីប្រទេសកម្ពុជា ៕