រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងអ្នកជំនាញឈានមុខគេក្នុងវិស័យទំនាក់ទំនងសាធារណៈ

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងអ្នកជំនាញឈានមុខគេក្នុងវិស័យទំនាក់ទំនងសាធារណៈ 

នៃប្រទេសប៊ុលហ្ការី បញ្ជាក់ពីជំហររួមគ្នាក្នុងការកសាងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននៃប្រទេសទាំងពីរ,

( ភ្នំេពេញ )៖ នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក Maxim Behar អ្នកជំនាញឈានមុខគេក្នុងវិស័យទំនាក់ទំនងសាធារណៈ 

នៃប្រទេសប៊ុលហ្ការី នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង បានផ្តោតជាសំខាន់លើការកសាងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន រវាងកម្ពុជា និង ប៊ុលហ្គារី ដើម្បីផ្សព្វផ្សាយពីការអភិវឌ្ឍ និងវិស័យទេសចរណ៍ទៅឲ្យប្រជាជន ប៊ុលហ្គារី និងតំបន់អឺរ៉ុប បានដឹងបានឃើញកាន់តែច្បាស់បន្ថែមទៀត ហើយក៏ជាការផ្សព្វផ្សាយពីគ្នាទៅវិញទៅមក ធ្វើឲ្យប្រជាជនបានស្គាល់គ្នាកាន់តែច្បាស់បន្ថែមទៀត។

លោក Maxim Behar បានជម្រាបជូនថា នេះជាលើកទី១ ដែលលោកបានមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ហើយលោកមានការសប្បាយរីករាយដោយឃើញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា, នៅពេលត្រឡប់ទៅវិញ លោកនឹងធ្វើការផ្សព្វផ្សាយឲ្យប្រជាជនប៊ុលហ្ការី បានស្គាល់ច្បាស់បន្ថែមទៀតពីអ្វីដែលជាការពិតកើតមានឡើង នៅកម្ពុជា។ តាមរយៈនេះ លោកសង្ឃឹមថា នឹងកសាងបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំមួយទាក់ទងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅពេលខាងមុខ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ការអញ្ជើញមកទស្សនៈកិច្ចរបស់ លោក Maxim Behar អ្នកជំនាញឈានមុខគេក្នុងវិស័យ ទំនាក់ទំនងសាធារណៈ នៃប្រទេសប៊ុលហ្គារី ដែលមាន ឥទ្ធិពលសំខាន់មួយរូបក្នុងការធ្វើទំនាក់ទំនងជាសាធារណៈ ហើយសង្ឃឹមថា លោក Maxim Behar នឹងចូលរួមផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅឲ្យប្រជាជនប៊ុលហ្គារី និងតំបន់អឺរ៉ុប បានដឹងបានឃើញពីប្រទេសកម្ពុជា ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសំដែងនូវការរីករាយក្នុងការកសាងនូវកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយប្រទេសប៊ុលហ្គារី ក្នុងគោលបំណង នៃការចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ប្រទេស ប៊ុលហ្គារី ហើយផ្សាយត្រឡប់វិញពី ប៊ុលហ្គារី មកកម្ពុជា ។ ទាក់ទងការចង់រៀបចំកិច្ចប្រជុំទាក់ទងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រវាងកម្ពុជា និង ប៊ុលហ្គារី 

ឯកឧត្តម រដ្ឋមន្ត្រី នឹងធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំដោយធ្វើកិច្ចសហការល្អជាមួយ លោក Maxim Behar អ្នកជំនាញឈានមុខគេក្នុងវិស័យ ទំនាក់ទំនងសាធារណៈ នៃប្រទេសប៊ុលហ្គារី ។

នៅក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ 

លោក Maxim Behar បានបង្ហាញពី

តួនាទីសំខាន់របស់គាត់ជាអ្នកមានប្រជាប្រិយ៍ភាពក្នុងការទាក់ទាញអ្នកវិនិយោគ និងទំនាក់ទំនងសាធារណៈល្អជាមួយអ្នកសារព័ត៌មានអន្តរជាតិ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យគេបានស្គាល់ពីប្រទេស ប៊ុលហ្គារី និងបណ្តាប្រទេសផ្សេងៗទៀត ។

នៅក្នុងដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥ របស់លោក  Maxim Behar ដើម្បីបានឃើញពីទិដ្ឋភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ហើយក៏មានគោលបំណងសិក្សាស្វែងយល់រៀនសូត្រ ពីដំណើរការវិវឌ្ឍរបស់ប្រទេសកម្ពុជា ជាបន្តបន្ទាប់មករហូតធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយកទៅធ្វើការផ្សព្វផ្សាយដល់ប្រជាជនប៊ុលហ្គា បានឃើញ បានយល់ច្បាស់ពីប្រទេសកម្ពុជា៕