រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង អនុរដ្ឋលេខាធិការមន្ទីរឃោសនាការនៃគណៈកម្មធិការខេត្តយូណាន ប្រទេសចិន បានបញ្ជាក់ពីជំហរបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ មានលទ្ធផលផ្លែផ្កាបន្តថែមទៀត

( ភ្នំពេេញ )៖ នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈប្រតិភូ ប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន ប្រទេសចិន ដឹកនាំដោយ ឯកឧត្តម ឆែ ស៊ាំងរ៉ុង អនុរដ្ឋលេខាធិការមន្ទីរឃោសនាការនៃគណៈកម្មធិការខេត្តយូណាន (ទទួលបន្ទុកកិច្ចការប្រចាំថ្ងៃ) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា ចិន បានកាន់តែល្អប្រសើរ រឹងមាំបន្ថែមទៀត ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រដ៏ល្អរឹងមាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ហើយនៅឆ្នាំ២០២៥នេះ ជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ដោយបានផ្តល់នូវឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរ បទពិសោធ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន ដែលទាក់ទងភាពរីកចម្រើននៃប្រទេសទាំងពីរ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមសម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបតិការរវាង ក្រសួងព័ត៌មាន និងខេត្តយូណាន នឹងទទួលបានសមិទ្ធផលថ្មីៗកាន់តែច្រើនថែមទៀត។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ។
ឯកឧត្តម ឆែ ស៊ាំងរ៉ុង អនុរដ្ឋលេខាធិការមន្ទីរឃោសនាការនៃគណៈកម្មធិការខេត្តយូណាន បានសំដែងនូវការរីករាយដោយបានឃើញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ហើយជាមួយគ្នានេះក៏បានឃើញពីកិច្ចសហប្រតិបត្តិការល្អរវាង ស្ថាប័នផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីគោលជំហររួមគ្នាក្នុងការលើកកម្ពស់ភាពយល់ដឹង អនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរទទួលបានព័ត៌មានពិត ព័ត៌មានវិជ្ជមាន ព័ត៌មានល្អឲ្យគ្នាទៅវិញទៅមក ។ ឯកឧត្តម ឆែ ស៊ាំងរ៉ុង បានជម្រាបជូនពីលទ្ធផលល្អ នៃការរៀបចំព្រឹត្តការណ៍នៃការកម្មវិធី «Colorful Chasing the Moon, Deep Neighborly Affection» រៀបចំដោយក្រសួងព័ត៌មាន និងនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការខេត្តយូណាន នៃបក្សកម្មុយនីសចិន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីជាការរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ ទំនៀបទម្លាប់ សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម និងអ្វីដែលជាការពិតដែលមាននៅកម្ពុជា យកទៅផ្សព្វផ្សាយអោយបានទូលំទូលាយមិនត្រឹមតែប្រជាជននៅក្នុងខេត្តយូណាន និងក្នុងប្រទេសចិន បានឃើញ បានដឹងនោះទេ គឺផ្សាយទៅកាន់ពិភពលោកតែម្តង។
គូររម្លឹកដែរថា កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រវាងកម្ពុជា និងចិន បាននឹងកំពុងអនុវត្តគម្រោងរួមគ្នាជាច្រើនពាក់ព័ន្ធនឹងវិទ្យុ និងទូរទស្សន៍ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធក្នុងប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្ត្រីជំនាញ ដំណើរទស្សនកិច្ចសិក្សា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាដើម។ ជាក់ស្តែង ក្រសួងព័ត៌មានកម្ពុជាបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើនជាមួយស្ថាប័នរដ្ឋ និងឯកជនចិន ដែលក្នុងនោះរួមមាន៖ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) មន្ទីរឃោសនាការខេត្តយូណាន កាសែត យូណាន ដេលីគ្រុប និងស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតរបស់ចិន។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន បានទទួលនូវការគាំទ្រផ្នែកហិរញ្ញប្បទានតាមរយៈមូលនិធីពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ៕