រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ប្រធានសមាគមសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា អោយមានសណ្តាប់ធ្នាប់ និងស្របតាមគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

(ភ្នំពេញ) អនុស្សរណៈនៃការយោគយល់ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាអោយ មានសណ្តាប់ធ្នាប់ និងស្របតាមគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ត្រូវបានធ្វើពិធីចុះហត្ថលេខារវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គៀន សាន ប្រធានសមាគមសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
អនុស្សរណៈនៃការយោគយល់ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាអោយមានសណ្តាប់ធ្នាប់ ធ្វើឡើងក្នុងគោលបំណងចូលរួម និងអនុវត្តវិធានការនានាដែលបានដាក់ចុះដោយរាជរដ្ឋាភិបាល ក្នុងនោះសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ពីការបន្តប្តេជ្ញាអនុវត្តន៍អោយបានខ្ជាប់ទី១. ចូលរួមអនុវត្តតាមគោលការណ៍ឆន្ទៈល្អ និងការកំណត់អំពីបែបបទ នីតិវិធី និងវិធានការ ១៧ចំនុច ស្តីអំពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងគ្រប់ប្រភេទ។
២. ចូលរួមរៀបចំឡើងវិញនូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយ លើស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ទូទាំងរាជធានី/ខេត្ត ជាមួយអាជ្ញាធមានសម្ថតកិច្ច។
៣. ដើរតួនាទីជាអ្នកសម្របសម្រួល និងជាអ្នកផ្តល់ប្រឹក្សាយោបល់ទៅកាន់ក្រុមហ៊ុន ឬភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មឯកជន លើការស្នើសុំលិខិតអនុញ្ញាត ឬបន្តសុពលភាពពីអជ្ញាធរមានសមត្ថកិច្ច និងការងារបច្ចេកទេសនានា ក្នុងគោលបំណងរឹងបន្តឹងសណ្តាប់ធ្នាប់ ពង្រឹងគុណភាព សុវត្ថិភាព និងសោភណភាព អោយស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ៕