រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងនូវការអរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បណ្តាអ្នកសារព័ត៌មាន និងInfluencers ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ដោយបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេស

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមរបស់ភាគីទាំងអស់ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ព័ត៌មានពិត និងត្រឹមត្រូវអំពីកម្ពុជាទៅកាន់សាធារណជនជាតិ និងអន្តរជាតិ ដែលជួយលើកកម្ពស់ភាពទាក់ទាញនៃគោលដៅទេសចរណ៍ និងបង្កើនជំនឿទុកចិត្តរបស់ភ្ញៀវទេសចរណ៍

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ « ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជានិងប្រែប្រួលឆាប់រហ័ស» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, ថ្នាក់ដឹកនាំ, មន្ត្រីក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត, ស្ថានីយ៍ទូរទស្សន៍, វិទ្យុ, បងប្អូនអ្នកសារព័ត៌មាន, ព្រមទាំង Influencers ទាំងអស់ ដែលក្នុងពេលកន្លងមកនេះបានចូលរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ សក្តានុពលទេសចរណ៍នៅកម្ពុជា ព័ត៌មានវិជ្ជមាន ព័ត៌មានពិតត្រឹមត្រូវរបស់ប្រទេសកម្ពុជា និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកើតមាននៅក្នុងវិស័យទេសចរណ៍ និយាយដោយឡែក, និងនិយាយជារួម សម្រាប់ព័ត៌មានពីព្រះរាជាណាចក្រកម្ពុជា។

ពិធីផ្សព្វផ្សាយក្រោមប្រធានបទ « ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជានិងប្រែប្រួលឆាប់រហ័ស» ធ្វើឡើងដោយក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍, លោក លោកស្រី បងប្អូន អ្នកសារព័ត៌មាន និង Influencer សរុបប្រមាណ ៣៥០នាក់។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០, ស្ថានភាពទេសចរណ៍កម្ពុជា ស្ថិតក្នុងកាលៈទេសៈប្រឈមខ្ពស់ និងយុទ្ធសាស្ត្រគន្លឹះក្រសួងទេសចរណ៍ ឆ្នាំ២០២៦ ព្រមទាំងយុទ្ធនាការសំខាន់ៗក្នុងឆ្នាំ២០២៦។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់រំលេចឡើងនូវយុទ្ធនាការសំខាន់ៗមួយចំនួនទៀតសម្រាប់ឆ្នាំ២០២៦ ដែលក្រសួងទេសចរណ៍ បានដាក់ចេញរួមមាន៖ ១). យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ពីខែឧសភា ដល់ ខែតុលា, ២). គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតង), ៣). យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) និងទី៤). ការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសារព័ត៌មានកម្ពុជា ក៏ដូចជាសារព័ត៌មានបរទេសនឹងពិតជាចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង (Cambodia is a safe, warm, clean and green destination) ព្រមទាំងសំដៅបង្កើនទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងពិសេសពីភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត៕