រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ប្រកាសដាក់ ទណ្ឌកម្មលើរដ្ឋមន្ត្រីអ៊ីស្រាអែលចំនួន២រូបស្តីពីការរំលោភបំពានសិទ្ធិ មនុស្សធ្ងន់ធ្ងរ

អូស្ត្រាលីបានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងការធ្វើដំណើរទៅលើរដ្ឋមន្ត្រីអ៊ីស្រាអែលជាន់ខ្ពស់២រូបកាលពីថ្ងៃអង្គារនេះ ហើយបណ្ដាប្រទេសមួយចំនួនដូចជា នូវែលសាឡង់ កាណាដា ន័រវែស និងចក្រភពអង់គ្លេសក៏បានដាក់ដាក់កម្រិតទណ្ឌកម្មដូចគ្នាផងដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថា៖ លោក Itamar Ben-Gvir និង Bezalel Smotrich ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងអំពើហិង្សារបស់ប្រជាជនអ៊ីស្រាអែលដែលតាំងលំនៅក្នុងតំបន់ West Bank។ គួរបញ្ជាក់ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកខាងលិចចំពោះអ៊ីស្រាអែលគឺជាដាក់កម្រិតយ៉ាងខ្លាំងចំពោះគោលនយោបាយដោះស្រាយរបស់អ៊ីស្រាអែលនៅតំបន់ West Bank និងអំពើហឹង្សាទាក់ទងនិងតាំងទីលំនៅដែលបានកើនឡើងចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២៣មក ហើយបានបញ្ឆេះសង្រ្គាមនៅតំបន់ហ្គាហ្សាមកដល់ពេលនេះដែរ ។ រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Bezalel Smotrich ជាដៃគូសំខាន់ក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលគាំទ្រការការតាំងទីលំនៅរបស់អ៊ីស្រាអែលនិងការបន្តសង្គ្រាមនៅ Gaza ហើយគាំទ្រឲ្យមាន “ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត” របស់ប្រជាជនប៉ាលេស្ទីននៅតំបន់នោះផងដែរ។ ទោះជាយ៉ាងនេះក្តីរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលទាំងពីររូបនេះអាចនឹងជួបការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ក្នុងធ្វើដំណើរទៅប្រទេសទាំងនោះថែមទៀត។ គូរបញ្ជាក់ថារដ្ឋាភិបាលអ៊ីស្រាអែលក៏បានរិះគន់ការប្រកាសនេះពីព្រោះវាជាបណ្ដាសម្ព័ន្ធមិត្តជាយូរមកហើយ របស់អ៊ីស្រាអែលដែលបានបង្កើនការបរិហារសកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សាដោយសារចំនួនមនុស្សស្លាប់ភាគច្រើនជាជនស៊ីវិល ហើយពួកគេក៏បានរិះគន់ការបិទផ្លូវជំនួយអស់រយៈពេលជាច្រើនខែដែរ ដែលនាំឲ្យមានការព្រមានអំពីគ្រោះទុរ្ភិក្ស៕

 

សម្រួលអត្ថបទ៖ ឡុង បញ្ញា