រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតរិះគន់អ៊ីរ៉ង់យ៉ាងខ្លាំងចំពោះការវាយប្រហារលើទីតាំងនានាក្នុងតំបន់ឈូងសមុទ្រ! ព្រោះពួកគេមិនពាក់ព័ន្ធឡើយ បើអ៊ីរ៉ង់នៅបន្តនោះពួកគេនឹងប្រើគ្រប់មធ្យោបាយដើម្បីបញ្ចប់វា

ព្រះអង្គម្ចាស់ Faisal bin Farhan នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានបន្ទូលបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃរដ្ឋអារ៉ាប់ឈូងសមុទ្រ និងប្រទេសដទៃទៀតជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់ដែលវាជាការវាយប្រហារនៅមជ្ឈិមបូព៌ាទ្រង់ទ្រាយធំ។ រដ្ឋមន្ត្រីការបរទេសនៃអាណាចក្រអារ៉ាប៊ីសាអូឌីតរូបនេះបានមានបន្ទូលទៀតការរវាយប្រហារប្រឆាំងនឹងព្រះរាជាណាចក្រ និងរដ្ឋជិតខាងនៅពេលនេះគឺបានគូសបញ្ជាក់ពីហានិភ័យក្នុងតំបន់ដែលកំពុងកើនឡើង ហើយព្រះអង្គបានអំពាវនាវឱ្យបញ្ចប់ការវាយប្រហារលើប្រទេសដែលមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនេះឲ្យបានឆាប់។ “អ្វីដែលខ្ញុំយកចិត្តទុកដាក់ឥឡូវនេះគឺថា ការវាយប្រហារលើប្រទេសរបស់ខ្ញុំ និងលើប្រទេសជិតខាងរបស់ខ្ញុំដែលមិនពាក់ព័ន្ធនឹងជម្លោះនេះ ត្រូវតែបញ្ចប់”។ “យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលយើងមាន – នយោបាយ សេដ្ឋកិច្ច ការទូត និងមធ្យោបាយផ្សេងទៀតទេ – ដើម្បីបញ្ឈប់ការវាយប្រហារទាំងនេះ”។ រដ្ឋធានី Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ ព្រះអង្គម្ចាស់ Faisal បានចោទប្រកាន់អ៊ីរ៉ង់ថាបានធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដោយចង្អុលបង្ហាញពីការវិវត្តថ្មីៗក្នុងអំឡុងពេលនៃចរចាដែលកំពុងបន្តនៅទីក្រុង Riyadh។ ព្រះអង្គមានបន្ទូលបន្ថែមថា “ខ្ញុំមិនអាចមើលឃើញថាវាជារឿងចៃដន្យនោះទេ”។ «ខ្ញុំគិតថានោះជាសញ្ញាច្បាស់លាស់បំផុតនៃអារម្មណ៍របស់រដ្ឋអ៊ីរ៉ង់ចំពោះបញ្ហាការទូត។ ពួកគេមិនជឿលើការនិយាយជាមួយប្រទេសជិតខាងរបស់ខ្លួនទេ។ ប៉ុន្តែពួកគេព្យាយាមដាក់សម្ពាធលើប្រទេសជិតខាងរបស់ខ្លួនទៅវិញ… ហើយវានឹងមិនដំណើរការបន្តទៀតទេ»។ ទំនុកចិត្តរវាងប្រទេសក្នុងតំបន់ និងអ៊ីរ៉ង់ត្រូវបានខូចខាតយ៉ាងខ្លាំង ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីមុនដើម្បីបន្តការសន្ទនា និងជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសបន្តថា៖ ប្រទេសនានានៅក្នុងតំបន់បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនចូលរួមក្នុងអរិភាព ឬអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពវាយលុកបន្តទៀតឡើយ។កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវមន្ត្រីតាមតំបន់ និងអន្តរជាតិ ខណៈដែលភាពតានតឹងបន្តកើនឡើង ដោយអ្នកចូលរួមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការចូលរួមការទូតឡើងវិញ ដើម្បីការពារអស្ថិរភាពបន្ថែមទៀតក្នុងតំបន់ឈូងសមុទ្រ៕

សម្រួលអត្ថបទ៖ សុផារិន្ទ