រដ្ឋមន្ត្រីកសិកម្ម ដាក់ចេញទិសដៅអាទិភាព ៥ចំណុច ក្នុងការជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានដាក់ចេញទិសដៅអាទិភាព ៥ចំណុច ដើម្បីបន្តជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។
ចំពោះទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅអាទិភាពរួមមាន៖
ទី១៖ ការបន្តយកចិត្តទុកដាក់លើការរក្សាស្ថិរភាពថ្លៃ៖ តាមដានជាប់ជាប្រចាំនូវនិន្នាការទីផ្សារ និងទប់ស្កាត់ការធ្លាក់ថ្លៃកសិផល ដើម្បីធានាផលប្រយោជន៍ទាំងអ្នកផលិត និងអ្នកប្រើប្រាស់
ទី២៖ ការពង្រីកសហគមន៍កសិកម្មទំនើប ដោយផ្សារភ្ជាប់កសិករទៅនឹងទីផ្សារ និងបន្តពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ។
ទី៣៖ ការពង្រឹងការអនុវត្តច្បាប់៖ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ ឱ្យកាន់តែម៉ឺងម៉ាត់ ព្រមទាំងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើថ្មី។
ទី៤៖ ការគ្រប់គ្រងដីរដ្ឋប្រកបដោយចីរភាព៖ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ ដូចជាដីព្រៃឈើ ដីព្រៃលិចទឹក និងកន្លែងអភិរក្សជលផល។
ទី៥៖ ការសម្របសម្រួលការនាំចេញ៖ ជំរុញការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសចិន ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព៕



