រដ្ឋបាលអាម៉េរិកបញ្ជាក់ថាផែនការវាយប្រហារអ៊ីរ៉ង់ដើម្បីផ្លាស់ប្តូរអំណាចលោក Ayatollah និងបំបាត់កម្មវិធីនុយក្លែអែរ ប៉ុន្តែមកដល់ពេលនេះគ្មានភស្តុតាងណាមួយដែលថាប្រជាជនអ៊ីរ៉ង់ចង់ផ្លាស់ប្តូរនោះទេ

នៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយអំពីសកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ហើយស្របពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth និងប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Dan Caine បានធ្វើសន្និសីទសារព័ត៌មានមួយនៅឯមន្ទីរបញ្ចកោណនៅចំពោះមុខអ្នកសារព័ត៌មានថា៖ អាម៉េរិកមិនមែនជាអ្នកការពារនោះទេ តែអាម៉េរិកគឺជាអ្នកចម្បាំងដ៏ខ្លាំងបំផុត។ អ្នកឆ្លើយឆ្លងព័ត៌មាន AP លោក Konstantin Toropin បាននិយាយពីមន្ទីរបញ្ចកោណថា៖ ទាំងលោក Trump, លោក Hegseth និង លោក Caine មិនបានស្នើចេញនូវផែនការចាកចេញណាមួយទេរបស់ទ័ពអាម៉េរិកនោះ បន្ទាប់ពីការវាយប្រហារដំបូងរបស់ពួកគេ។ លោក Toropin បាននិយាយថា “ថ្លែងនៅឯសេតវិមានវិញលោកប្រធានាធិបតី Trump ដំបូងឡើយបាននិយាយថា លោកបានស្រមៃមើលពីយុទ្ធនាការយោធារបស់លោកចំពោះដំណើរការសង្រ្គាមនេះគឺមានរយៈពេលបួនទៅប្រាំសប្តាហ៍។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរ លោកក៏បានកត់សម្គាល់ជាថ្មីថា អ្វីៗកំពុងដំណើរការទៅមុខឬវាអាចប្រើពេលច្រើនជាងកាលវិភាគរបស់លោកថែមទៀតផង”។ ពួកគេបាននិយាយថា មានអ្នកស្លាប់ និងរបួសជាភាគីអាមេរិកកាន់តែច្រើនដែរ ទំនងជាវាបានកើតឡើងបន្ទាប់ពីករណីស្លាប់របស់សមាជិកយោធាអាម៉េរិក៤នាក់នោះកាលពីថ្ងៃអាទិត្យ។ ចំណែករដ្ឋមន្រ្តីការពារជាតិ លោក Hegseth និយាយថា ប្រតិបត្តិការនេះមានន័យថាធ្វើឡើងដើម្បីលុបបំបាត់ការគំរាមកំហែងនៃមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បំផ្លាញកងទ័ពជើងទឹករបស់ប្រទេសនេះ និងធានាថាគ្មានអាវុធនុយក្លេអ៊ែរបន្តទៀតនោះទេ។ នៅក្នុងវីដេអូដែលបានបង្ហោះទៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ បន្ទាប់ពីសកម្មភាពយោធាបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍នាចុងខែកុម្ភៈនេះដែរ ដោយលោកប្រធានាធិបតី Donald Trump បាននិយាយថា នេះគឺជាឱកាសមួយសម្រាប់ប្រជាជនអ៊ីរ៉ង់ក្នុងការងើបឡើងវិញ និងផ្តួលរំលំផ្តាច់ការរបស់រដ្ឋាភិបាលនៃមេដឹកនាំដ៏មានអំណាច Ayatollah ហើយជំនួសមកវិញដោយរបបប្រជាធិបតេយ្យដែលល្អជាងនេះ។ ប៉ុន្តែលោក Toropin បាននិយាយទៀតថា “ខណៈដែលការវាយប្រហារដោយយោធាអាម៉េរិកបានកម្ចាត់មេដឹកនាំកំពូលៗជាច្រើននៅក្នុងរដ្ឋាភិបាលរបស់លោក Ayatollah រួចហើយ រួមទាំងលោក Ayatollah ផ្ទាល់ដែរ ហាក់ដូចអ្វីៗដែលយើងមិនទាន់បានមើលឃើញលេចឡើងរហូតមកដល់ពេលនេះគឺគ្មានភស្តុតាងណាមួយដែលបង្ហាញថាប្រជាជនអ៊ីរ៉ង់ពិតជាកំពុងងើបឡើងដើម្បីផ្តួលរំលំរបបបច្ចុប្បន្ននៅអ៊ីរ៉ង់ដូចការលើកឡើងនោះទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ