រដ្ឋបាលស្រុកទឹកឈូរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិមកកម្សាន្ដកាន់ច្រើន

ខេត្តកំពត ៖ រដ្ឋបាលស្រុករៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ នៅតំបន់រមណីយដ្ឋានដងព្រែកកំពង់បាយ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិមកកម្សាន្ដកាន់ច្រើន។

ឯកឧត្តម អ៊ឺម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងប្រជាពលរដ្ឋមួយចំនួនបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះការបន្តអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកទឹកឈូ នៅតំបន់រមណីយដ្ឋានដងព្រែកកំពង់បាយ ដែលត្រូវបានគេកត់សម្គាល់ឃើញថា មានការរៀបចំជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលស្រុកទឹកឈូ គូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថា “នៅពេលបច្ចុប្បន្ននេះ យើងត្រូវតែមានការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តលេងនៅក្នុងស្រុក និងខេត្តរបស់យើង។ ជាក់ស្តែងសមិទ្ធផលថ្មីៗនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រមណីយដ្ឋានទឹកឈូនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរអន្តរជាតិឲ្យមកលេងកម្សាន្តនៅក្នុងខេត្តយើងកាន់តែច្រើន”។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលចង់បានទីកន្លែងកម្សាន្តមានផាសុខភាព អនាម័យ និងមានសេវាកម្មផ្សេងៗទៀតសម្រាប់សម្រាកលំហែកាយ រដ្ឋបាលស្រុកក៏កំពុងស្ថាបនានៅតំបន់រមណីយដ្ឋានដងព្រែកកំពង់បាយនេះ រួមមាន កន្លែងអង្គុយកម្សាន្ត និងសម្រាកលំហែកាយ ហាងកាហ្វេ បន្ទប់ទឹកសាធារណៈ កន្លែងបោះតង់ សម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្ត និងសម្រាកលំហែកាយ៕