រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយរបស់សប្បុរសជនជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ខេត្ដព្រះវិហារ

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវ តំណាងឲ្យឯកឧត្តម ឃួង សេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាង១០០មុខ របស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារនិងវីរកងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារបូរណៈភាពទឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង ១០០ មុខ ដែលឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានី តំណាង ឯកឧត្តម ឃួង ស្រេង នាំយកមកប្រគល់ជូននាថ្ងៃនេះ រួមមានជូនរដ្ឋបាលខេត្តព្រះវិហារ តាមរយៈឯកឧត្ដម ឃី សុខា អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលបានជម្លៀស​ចេញពីផ្ទះសម្បែងមករស់នៅកន្លែងសុវត្ថិភាព។ ដោយឡែកចំពោះ វីរ:កងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារអធិបតេយ្យភាពជាតិខ្មែរ ពីការឈ្លានពានរបស់សត្រូវ រួមមាន ជូន បញ្ជាការដ្ឋានអង្គរក្ស តាមរយៈ លោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរង បញ្ជាការដ្ឋាន អង្គរក្ស តំណាងឯកឧត្តម នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស , ជូន កងពលតូចអន្តរាគមន៍លេខ ៩ តាមរយៈលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩ ,ជូន កងពលតូចអន្តរាគមន៍លេខ៨ តាមរយៈលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ , ព្រមទាំងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ផងដែរ។
ឯកឧត្តម សុខ ពេញវុធ ក្នុងនាម ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវសមាណចិត្តអាណិតអាសូរ ជាពន់ពេកចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចោលផ្ទះសម្បែង ស្រែចំការ រត់ភៀសខ្លួន គេចចេញពីតំបន់សមរភូមិប្រយុទ្ធ មករស់នៅលើតំបន់សុវត្ថិភាពនាពេលនេះ។ ក្នុងនោះដែរចំពោះវីរៈកងទ័ពនៅជួរមុខ ឯកឧត្តម សុខ ពេញវុធ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម ឃួង ស្រេង ជូនដល់វីរៈកងទ័ពយើងទាំងអស់ ព្រមទាំងបានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ព ដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ។ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បានជូនពរដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ។ បើតាមឯកឧត្តម សុខ ពេញវុធ បានបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង ១០០ មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្រគល់ជូនដល់បងប្អូនវីរៈកងទ័ពដ៏ក្លាហានរបស់កម្ពុជាយើង នៅទិសព្រះវិហារនាពេលនេះ គឺ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជននានា និងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ​ ដែលបានចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ​ទោះបីតិចក្តីច្រើនក្តី បាននាំយកមកចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​កំពុង​ជម្លៀស​ចេញ​ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែង​សុវត្ថិភាព​។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​ និងក្នុង​ស្មារតី​ ខ្មែរ​ជួយ​ខ្មែរ​។
នៅក្នុងឱកាសនោះដែរឯកឧត្តម​ ឃី សុខា អភិបាលរងខេត្តព្រះវិហារ តំណាងថ្នាក់ដឹកនាំខេត្តនិងតំណាងឱ្យវីរៈកងទ័ពនៅជួរមុខទិសព្រះវិហារ ទាំងអស់ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងបានចាត់តំណាងនាំយកអំណោយពីរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក និងជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដែលនេះបញ្ជាក់ឲ្យឃើញថាសមរភូមិក្រោយនិងសមរភូមិមុខគឺរួមចិត្តតែមួយ ហើយបងប្អូនវីរៈកងទ័ពទាំងអស់ ប្តេជ្ញាការពារអធិបតេយ្យភាពជាតិរបស់យើង មិនឱ្យខ្មាំងចូលឈ្លានពានជាដាច់ខាត៕