រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងកែលំអរឡើងវិញ នូវទីតាំងដីមួយកន្លែង សំរាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព ក្រោយទទួលបានអំណោយពីសប្បរជនជាជាតិជនជប៉ុន

ដើម្បីឱ្យគម្រោងដីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យលេញចេញជារូបរាងឆាប់ៗ នារសៀលថ្ងៃទី១៣ ខែកក្ដដា២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ សង្កាត់ ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ទីតាំងខាងលើនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើខ្លះ ត្រូវជ្រើសរើសដាំបន្ថែម ព្រមទាំងកែលម្អបន្ទប់ទឹកឡើងវិញ។ចំពោះប្រឡាយទឹកដែលមានស្រាប់ត្រូវ លែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀត។បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។ គម្រោងនេះអាចនឹងរួចរាល់ នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹង សម្ពោធដាក់ជូនបងប្អូនប្រជាពលរដ្ឋបានចូលមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។

ឯកឧត្ដមឃួង ស្រេង ក៏បានបញ្ជាក់ថា ទីតាំងនេះមានផ្ទៃដីជាង៣ហិចតា យើងត្រូវរៀបចំឱ្យមានធុង សំរាម និងមានបង់អង្គុយលេងផងដែរ។

គួរបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើខាងលើ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ជូនដោយលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) គាត់ស្រឡាញ់ប្រទេសកម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ៕