រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីចម្រើនសិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦ និងសំណេះសំណាលជាមួយមន្ត្រីរាជការ

មណ្ឌលគិរី ៖ នៅក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីចម្រើនសិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមទាំងមន្រ្តីរាជការ អង្គការដៃគូ វិស័យឯកជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ដមណ្ឌលគិរី។

ពិធីសូត្រមន្តប្រោះព្រំលើករាសី ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦ និងការទស្សនារបាំត្រុឌ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងប្រសិទ្ធពរជ័យសិរីសួស្តីជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យទទួលបានសិរីសួស្តី ចៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើនរុងរឿង បំពេញភារកិច្ចទទួលបានជោគជ័យបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ដើម្បីលើកទឹកចិត្ត និងជូនពរដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ឱ្យមានសុខភាពល្អ សំណាងល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្នុងឆ្នាំថ្មី ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងមន្រ្តីរាជការ បានបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី សូមថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីទាំងមូល សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសូមទទួល បាននូវពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ ថ្នាក់ដឹកនាំខេត្ត ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន ព្រមទាំងដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ មន្ត្រីរាជការ វីរកងទ័ព ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ សូមឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំសង្រ្កាន្តសែនមនោរម្យ មានរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សូមអញ្ជើញមហាជនទាំងអស់ មកកម្សាន្តសប្បាយ នៅបរិវេណសួនដំរីដែក មានរៀបចំល្បែងប្រជាប្រិយខ្មែរ ការផ្តល់ជូនកាហ្វេ ៣.០០០កែវ ដោយឥតគិតថ្លៃ ការដង្ហែរក្បួនព្យុះហយាត្រា ក្រោមបរិបទនៃការគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់វីរកងទ័ព វីរនគបាលជាតិ និងការតាំងពិព័ណ៌ផលិតផលជាច្រើនទៀត ដែលបានប្រព្រឹត្តទៅឱ្យមានភាពអធិកអធម៕